Close

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនរដ្ឋចិន CAIH ចុះអនុស្សារណៈដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនរដ្ឋចិន CAIH ចុះអនុស្សារណៈដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនរដ្ឋចិន CAIH ចុះអនុស្សារណៈដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបោះជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងការតភ្ជាប់ក្នុងតំបន់អាស៊ាន តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ក្នុងការ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់។

នាឱកាសនោះ លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមជាអធិបតីក្នុងពីធីចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ បានលើកឡើងថា ភាពជាដៃគូនេះមានមូលដ្ឋានលើកិច្ចសហការជាច្រើនឆ្នាំ និងកាន់តែល្អប្រសើរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅកាន់ក្រុមហ៊ុន CAIH កាលពីខែមិថុនា ឆ្នាំ២០២៤។

លោកបន្តថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍជាតិ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសផ្តោតលើបច្ចេកវិទ្យាឌីជីថល។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាឆ្នាំ២០៣០ ក៏ផ្តល់អាទិភាពដល់ការពង្រឹងអភិបាលកិច្ចផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ជំរុញការអភិវឌ្ឍមូលធនមនុស្ស បង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍, ជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា, និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនរដ្ឋចិន CAIH ចុះអនុស្សារណៈដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតផ្នែកសំខាន់ៗចំនួនប្រាំនៅក្នុងការគាំទ្រយុទ្ធសាស្ត្របញ្ចកោណសម្រាប់អាណត្តិខាងមុខ៖ ដោយការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់វិស័យឯកជន ការធានាឱ្យមានកំណើនប្រកបដោយនិរន្តរភាព រួមបញ្ចូល និងភាពធន់ ព្រមទាំងការរួមបញ្ចូលបច្ចេកវិទ្យាដើម្បីជំរុញផលិតភាពសេដ្ឋកិច្ចសង្គម។ ស្របតាមយុទ្ធសាស្ត្រនេះ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ របស់កម្ពុជា មានសសរស្តម្ភចំនួនប្រាំដូចជា៖ ការពង្រឹងអភិបាលកិច្ចផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ជំរុញការអភិវឌ្ឍមូលធនមនុស្ស ការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការជំរុញកិច្ចសហប្រតិបត្តិការជាសមូហភាព និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

លោក ហ៊ុល សៀងហេង បានលើកឡើងថា៖ “ការចុះហត្ថលេខាលើអនុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។”

បើតាម លោក ហ៊ុល សៀងហេង ដោយប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃ និងអន្តរប្រតិបត្តិការទិន្នន័យ អនុស្សរណៈនេះផ្តោលើកិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់៖ ក្រុមហ៊ុនCAIH នឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឌីជីថលទំនើប ដើម្បីជំរុញនវានុវត្តន៍ និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។ ការជំរុញសេដ្ឋកិច្ចឌីជីថល៖ ភាគីទាំងពីរនឹងផ្តោតលើវិស័យដូចជា សុខភិបាល និងទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ និង ការចែករំលែកចំណេះដឹង៖ ភាពជាដៃគូនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរជំនាញបច្ចេកវិទ្យា និងការយល់ដឹងអំពីនិន្នាការថ្មីនៃនៃនវានុវត្តន៍។

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនរដ្ឋចិន CAIH ចុះអនុស្សារណៈដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា៖ “ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។”

លោកបានបន្ថែមថា៖ “យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។”

ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានអនុម័តបង្កើតដោយក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខែមេសា ឆ្នាំ២០១៦ ស្របតាមគំនិតផ្តួចផ្តើម ‘ខ្សែក្រវាត់ និងផ្លូវ’ ។ បេសកកម្មរបស់ក្រុមហ៊ុនគឺកសាង និងអនុវត្តគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល និងឌីជីថលក្វាងស៊ី ក្នុងគោលដៅជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសចិន និងអាស៊ាន និងគាំទ្រដល់គំនិតផ្តួចផ្តើមវិថីសូត្រសមុទ្រសតវត្សរ៍ទី២១៕