ព្រឹត្តិការណ៍បង្ហោះខ្លែងឯក ឆ្នាំ២០២៦ នឹងក្លាយជាដែកឆក់ថ្មីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ការរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦ គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការថែរក្សា និងលើកស្ទួយកេរ្តិ៍មរតកវប្បធម៌ដូនតាខ្មែរ ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
តាមរយៈព្រឹត្តិការណ៍នេះ រំពឹងថានឹងក្លាយជាដែកឆក់ថ្មី ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តសៀមរាប កាន់តែច្រើន និងជួយឱ្យមរតកខ្លែងខ្មែររស់រវើកឡើងវិញក្នុងស្រទាប់យុវវ័យ។
ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើនេះ លោក លី សារី អភិបាលរងខេត្ត បានឱ្យដឹងថា ព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ គ្រោងនឹងប្រព្រឹត្តិទៅនាខែកុម្ភៈ ខាងមុខ។ ហើយការបង្ហោះខ្លែងនេះដែរ មិនត្រឹមតែជាល្បែងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាជាការថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរ។

លោកបានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ឱ្យបានកុះករ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់កាន់តែច្បាស់ពីអត្តសញ្ញាណខ្លែងខ្មែរ។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម លោកបានណែនាំដល់មន្ទីរ និងអង្គភាពពាក់ព័ន្ធ ត្រូវរចនាខ្លោងទ្វារចូល និងទីតាំងកម្មវិធីឱ្យមានភាពទាក់ទាញខ្លាំងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ស្នើឱ្យកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែសម្រាប់អ្នកសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែខេត្តសៀមរាបស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនមកពីបណ្ដាខេត្តផ្សេងៗដែលចង់ចូលរួមប្រកួត។
សូមជម្រាបថា ក្រៅពីការប្រកួតបង្ហោះខ្លែងឯក និងខ្លែងសេរី ក្នុងព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីអមជាច្រើនទៀតរួមមាន៖ ការសម្ដែងសិល្បៈវប្បធម៌ ល្ខោនបាសាក់ និងល្ខោននិយាយ, ការប្រគំតន្ត្រីទាំងតន្ត្រីបុរាណ និងសម័យ ជាពិសេសការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ដែលជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានផងដែរ៕
