Close

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល ៣ថ្ងៃ នៅចុងខែធ្នូ នេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល ៣ថ្ងៃ នៅចុងខែធ្នូ នេះ ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល ៣ថ្ងៃ នៅចុងខែធ្នូ នេះ

សៀមរាប៖ ដើម្បីរក្សានូវខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល៣ថ្ងៃនៅចុងខែធ្នូនេះ និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរយើង ដែលដូនតាយើងបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្នុងន័យផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយ រួមនិងភ្ញៀវទេសចរបរទេសបានស្គាល់ពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាលមួយនេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក លី សារី អភិបាលរងខេត្ត ដេីម្បីឱ្យព្រឹត្តិការណ៍នេះ មានការចូលរួមច្រើន ទាមទារឱ្យយើងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់មហាជន និងភ្ញៀវទេសចរ ដែលពួកគាត់មានបំណងចង់ចូលរួមបង្ហោះខ្លែង អាចធ្វើពាក្យស្នើសុំពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដើម្បីចូលរួមបង្ហោះ ក្នុងន័យចូលរួមក្នុងការទ្រទ្រង់ លើកស្ទួយវប្បធម៌ជាតិ។

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល៣ថ្ងៃនៅចុងខែធ្នូនេះ

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់បណ្តាមន្ទីរអង្គភាព ស្ថាប័ន សមាគម និងវិស័យឯកជន ត្រូវនាំយកនូវខ្លែងឯក១ និងខ្លែងសេរី១ ដើម្បីចូលរួមក្នុងបុណ្យបង្ហោះខ្លែងឯក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមឱ្យបានកុះករក្នុងព្រឹត្តិការណ៍មួយនេះ ហើយនឹងនៅឆ្នាំក្រោយៗទៀតផងដែរ។ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្កាតាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្ដែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិពណ៍ការបង្ហាញពីរបៀបធ្វើខ្លែងឯកថែមទៀតផង។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ។ ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចបង្ហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង។

លោកបន្តថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្ត ក្នុងរដូវរំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀត គឺសិសិររដូវ៕

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯករយៈពេល៣ថ្ងៃនៅចុងខែធ្នូនេះ