e-commerce ជួយឲ្យវៀតណាមក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ី
ក្នុងឆ្នាំ២០២២ ប្រាក់ចំណូលពីវិស័យ e-commerce មានចំនួនប្រហែល ១៦.៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៧.៥ភាគរយនៃការលក់រាយសរុបនៃទំនិញ និងសេវាកម្មនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមស្ថិតិ និងរបាយការណ៍ស្រាវជ្រាវរបស់ Statista ចេញផ្សាយនៅដើមឆ្នាំ២០២៣។
វៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ី ដោយមានអត្រាកំណើន ២០ភាគរយនៅឆ្នាំ២០២២ ហើយក៏ជាប្រទេសដែលមានកំណើនប្រាក់ចំណូលខ្ពស់សម្រាប់វិស័យ e-commerce ផងដែរ។
យោងតាមការស្ទង់មតិដែលធ្វើឡើងក្នុងឆ្នាំ២០២២ អ្នកប្រើប្រាស់អ៊ីនធឺណែតជាង ៦០ភាគរយនៅក្នុងប្រទេសវៀតណាម បានទិញផលិតផល ឬសេវាកម្មតាមអ៊ីនធឺណិត។ ចំនួនអ្នកទិញទំនិញអនឡាញនៅក្នុងប្រទេសនេះកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានឈានដល់ជាង ៥៧.៦លាននាក់ក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ e-commerce, វិស័យ e-commerce បានកំពុងកត់ត្រាកំណើនយ៉ាងឆាប់រហ័សនៃការចំណាយរបស់អ្នកប្រើប្រាស់នៅគ្រប់ផលិតផលទាំងអស់ ពីទំនិញប្រើប្រាស់រហូតដល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
ស្របនឹងការលេចចេញនៃពាណិជ្ជកម្មអេឡិចត្រូនិក វិស័យទូទាត់ប្រាក់ឌីជីថលក្នុងប្រទេសវៀតណាមបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ទោះបីជាសាច់ប្រាក់នៅតែជាវិធីសាស្រ្តដែលពេញចិត្តសម្រាប់ការទិញទំនិញតាមអេឡិចត្រូនិកក៏ដោយ ក៏ប្រជាប្រិយភាពនៃជម្រើសទូទាត់នេះបានថយចុះនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ម៉្យាងវិញទៀត អ្នកប្រើប្រាស់កាន់តែច្រើនឡើងបានងាកទៅរកវិធីបង់ប្រាក់តាមបច្ចេកវិទ្យា និងកាត ដែលត្រូវបានគេរំពឹងថានឹងក្លាយជាជម្រើសទូទាត់នាពេលអនាគតសម្រាប់អ្នកប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសវៀតណាម៕