បាត់ដំបង ៖ ប្រែក្លាយពីដីចំការមីនដែលគ្រោះថ្នាក់ ទៅជាផ្ទៃដីផ្គត់ផ្គង់ និងដាំដំណាំដ៏សំខាន់ប្រចាំតំបន់
ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលពីដើមឡើយគឺជាតំបន់ដីចំការមីននោះ ពេលនេះបានប្រែក្លាយទៅជាផ្ទៃដីបម្រើដល់វិស័យសិប្បកម្មកែច្នៃកសិផល និងនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ដែលការប្រែក្លាយទៅជាទីតាំងដាំដុះបែបនេះ បានកើតឡើងក្រោយពេលរាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធធ្វើការបោសសម្អាតមីនដោយជោគជ័យ ហើយជំនួសមកវិញដោយដំណាំជាច្រើនប្រភេទ។
ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលជប៉ុន សហការជាមួយអង្គការស៊ីម៉ាក់ (CMAC) ឃុំតាសែនបានទទួលការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន សំដៅធ្វើឱ្យតំបន់នេះប្រសើរឡើងវិញ ក្រោយផ្ទៃដីទាំងនេះទទួលបានសុវត្ថិភាពពេញលេញ
ស្របពេលដែលប្រជាជនក្នុងតំបន់មានជំនាញបិទស្រា ហើយប្រធានក្រុមផ្នែកដោះមីនបានផ្ដើមនូវគំនិតបង្កើតសិប្បកម្មមួយ នាំយកកសិផលដែលប្រជាជនដាំដុះបានទៅកែច្នៃជាស្រាផ្លែឈើ។
នៅក្នុងគំនិតផ្ដួចផ្កើមនេះផងដែរ លោក Tayakama ដែលជាប្រធានក្រុមបច្ចេកទេសដោះមីន បានចាប់ផ្តើមពីការសាកល្បងកែច្នៃទិន្ឋផលដំឡូងទៅជាស្រាដំបូង ហើយទទួលបានជោគជ័យ ទើបផ្តើមបង្កើតក្រុមហ៊ុនតែម្តង។
មែនទែនទៅ គម្រោងធ្វើសិប្បកម្មកែច្នៃកសិផលនេះបានបង្កើតឡើងតាំងតែពីឆ្នាំ ២០០៨ ក្នុងគោលបំណងជួយលើកស្ទួយសេដ្ឋកិច្ចសហគមន៍។ ប៉ុន្តែក្នុងឆ្នាំដដែលនេះ គម្រោងមិនទាន់បានចេញជាផ្លូវការនៅឡើយ រហូតដល់ឆ្នាំ ២០១៣ ទើបបានចុះបញ្ជីជាក្រុមហ៊ុនស្របច្បាប់។
លោក សុខ មាន ជាអ្នកតំណាងក្រុមហ៊ុន Khmer Jyoryu Co., LTD. បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនខាងលើបាននាំចេញស្រាទៅក្រៅប្រទេសជាផ្លូវការក្នុងបរិមាណសាកល្បង ហើយក៏ទទួលបានជោគជ័យគួរសម។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ស្រាកែច្នៃដែលមានឈ្មោះថា សុរាខ្មែរ ក៏បាននាំយកទៅតាំងពិព័រណ៍មួយឈ្មោះថា ស៊ីរ៉ា នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដើម្បីពង្រីកទីផ្សារបន្ថែម។
លោកបន្តថា ក្នុងចំណោមស្រា ៥មុខដែលយកទៅដាក់តាំងពិរព័ណ៍ក្នុងប្រទេសបារាំង ស្រាចំនួន ៣មុខត្រូវបានខាងប្រទេសបារាំងពេញចិត្ត និងជំរុញឲ្យយកស្រានេះទៅដាក់ប្រកួតប្រជែងក្នុងកម្មវិធី Grandmaster។ រីឯទីផ្សារក្នុងស្រុក ក្រុមហ៊ុនបានដាក់លក់ផលិតផលិតរបស់ខ្លួននៅតាមផ្សារទំនើប ប្រលានយន្តហោះ ផ្សារទំនើបអ៊ីអន និងហាងជប៉ុនមួយចំនួន ព្រមទាំងតាមភោជនីយដ្ឋានក្នុងក្រុងសៀមរាប។
មកទល់ពេលនេះ ទីផ្សារក្រៅប្រទេសរបស់សុរាខ្មែរគឺមានតែទីផ្សារប្រទេសជប៉ុន ប៉ុន្តែផលិតផលមួយនេះគ្រោងនឹងពង្រីកទីផ្សាររបស់ខ្លួនទៅអ៊ឺរ៉ុប មុនបន្តចូលទៅកាន់ប្រទេសមួយចំនួនទៀតនៅអាស៊ីដូចជា ប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។
អ្នកតំណាងក្រុមហ៊ុនរូបនេះបានបញ្ជាក់ថា៖ «គោលការណ៍របស់ក្រុមហ៊ុនគឺនាំចូលទៅកាន់ប្រទេសដែលមានកម្រិតស្តង់ដារគុណភាពផលិតផលខ្ពស់ជាមុនសិន ដើម្បីប្រឈមនឹងការវាយតម្លៃ ក៏ដូចជារៀបចំស្តង់ដារយើងនឹងឲ្យវាខ្ពស់សិន បន្ទាប់មកយើងនាំចូលទៅកាន់ប្រទេសផ្សេងទៀតវាអត់បញ្ហាទេ»។
ក្រុមហ៊ុនដែលផលិតស្រា សុរាខ្មែរនេះ បានឲ្យដឹងពីសង្វាក់ផលិតកម្មរបស់ខ្លួនថា៖ «ជាមធ្យមយើងអាចផលិតស្រាបានបរិមាណចន្លោះពី ៣ម៉ឺន ទៅ ៥ម៉ឺនលីត្រប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារតែចំនួនបុគ្គលិកយើងមានកម្រិតនៅឡើយ»។
យ៉ាងណាមិញ បុគ្គលិកនៃក្រុមហ៊ុននេះបច្ចុប្បន្នមានចំនួន ៦នាក់ និងកម្មករ៥នាក់ទៀត ហើយពួកគេសុទ្ធតែជាប្រជាជនរស់នៅក្នុងសហគមន៍ និងដែលភាគច្រើនជាស្ត្រី ហើយតាមគោលការណ៍របស់ក្រុមហ៊ុនទៅថ្ងៃមុខទៀតគឺ យកស្រ្តីឲ្យបានលើសពី ៦០ភាគរយ។
គួរបញ្ជាក់ថា សុរាខ្មែរ គឺជាសិប្បកម្មកែច្នៃកសិផលក្នុងសហគមន៍ក្រោយការដោះមីនដើម្បីអភិវឌ្ឍសហគមន៍ដោយចីរភាព ដែលមានប្រភេទ ស្រាចេក ស្រាស្វាយ ស្រាដំឡូង ស្រាខ្នុរ ស្រាកាហ្វេ និងស្រាអង្ករជាដើម៕