Close

ពិភពលោកនាំគ្នាប្រជែងបច្ចេកវិទ្យារថភ្លើងដើម្បីបង្កើនភាពងាយស្រួលជូនមនុស្សជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ
ពិភពលោកនាំគ្នាប្រជែងបច្ចេកវិទ្យារថភ្លើងដើម្បីបង្កើនភាពងាយស្រួលជូនមនុស្សជាតិ ពិភពលោកនាំគ្នាប្រជែងបច្ចេកវិទ្យារថភ្លើងដើម្បីបង្កើនភាពងាយស្រួលជូនមនុស្សជាតិ

ជារៀងរាល់ថ្ងៃប្រជាជនលើពិភពលោករាប់រយលាននាក់ដែលបានធ្វើដំណើរតាមផ្លូវរថភ្លើងដើម្បីប្រកបការងារ និងអាជីវកម្មរបស់ពួកគេ ឬមានន័យថាសកម្មភាពសេដ្ឋកិច្ចក៏អាស្រ័យលើមធ្យោបាយធ្វើដំណើរប្រភេទនេះដែរ ដែលមានតម្លៃនៃការចំណូលរហូតទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំផងដែរ។

ក្នុងពេលពិភពលោកកំពុងជួបវិបត្តិសកល ជាពិសេសបញ្ហាបម្រែបម្រួលអាកាសធាតុផងនោះ ការធ្វើដំណើរដោយរថភ្លើងបានក្លាយទៅជាជម្រើសដ៏ល្អបំផុតជំនួសឲ្យការធ្វើដំណើរតាមរយៈយន្តហោះដែលជាទូទៅចំណាយច្រើន និងអាចបណ្តាលឲ្យមានការប៉ះពាល់ខ្លាំងដល់បរិស្ថានទៀតផង។

បណ្តាញធ្វើដំណើរដ៏ចាក់ស្រេះរាប់រយរាប់ពាន់គីឡូម៉ែត្រនៅជុំវិញពិភពលោកនៃខ្សែរថភ្លើងបានត្រៀមខ្លួនរួចរាល់ និងទាន់ពេលវេលាដែល
កំពុងមានតម្រូវការចាំបាច់បែបនេះ ជាពិសេសបូករួមទាំងបច្ចេកវិទ្យាកាន់តែប្រសើរបានធ្វើឲ្យការធ្វើដំណើរមានភាពលឿនរហ័សជាងកាលពីអតីតកាល និងមានផាសុកភាពខ្លាំង។

គិតចាប់តាំងពីឆ្នាំ១៩៨០មកគេជឿជាក់ថា កញ្ចប់ថវិកាដល់ទៅរាប់រយពាន់លានដុល្លារត្រូវបានរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុននានាធ្វើការវិនិយោគទៅក្នុងវិស័យដឹកជញ្ជូនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបខ្លាំង ឬដោយខ្សែរថភ្លើងល្បឿនលឿន (high-speed railway) តាំងតែពីតំបន់អាស៊ីរហូតទៅដល់អឺរ៉ុប។

ពិភពលោកបានធ្វើការប្រកួតប្រជែងគ្នាទៅលើការអភិវឌ្ឍវិស័យដ៏មានសក្តានុពលមួយនេះ ជាក់ស្តែងប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះត្រូវបានគេមើលឃើញថាបានដើរនាំមុខគេយ៉ាងខ្លាំងក្នុងការកសាងបណ្តាញខ្សែរថភ្លើងដ៏ធំបំផុតរបស់ពិភពលោក ឬប្រមាណជា ៣៨ ០០០គីឡូម៉ែត្រមកហើយដែលអាចឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរបានទៅដល់គ្រប់ជ្រុងទាំងអស់របស់ប្រទេស។

ក្រៅពីនេះប្រទេសអេស្ប៉ាញ, ប្រទេសអាល្លឺម៉ង់, ប្រទេសអ៊ីតាលី, ប្រទេសប៊ែលហ្សិក និងប្រទេសអង់គ្លេសផងដែរ ត្រូវបានគេមើលឃើញថាកំពុងធ្វើការពង្រឹកបណ្តាញខ្សែរថភ្លើងរបស់ខ្លួននៅពាសពេញប្លុកអឺរ៉ុបទាំងអស់ ហើយជឿជាក់ថានឹងអាចដើរតាមបានដូចចិនឲ្យពលរដ្ឋបានធ្វើដំណើរទៅគ្រប់ជ្រុងនៅដើមទសវត្សរ៍ឆ្នាំ២០៣០ខាងមុខនេះ ខណៈដែលកាលពីឆ្នាំ២០១៨ ប្រទេសអាហ្វ្រិកបានជាប់ឈ្មោះជាអ្នកដែលមានផ្លូវរថភ្លើងល្បឿនដំបូងគេនៅពេលដែលខ្សែរថភ្លើង Al-Boraq ចាប់ផ្តើមដំណើរការជាខ្សែរថភ្លើងធ្វើដំណើរពីប្រទេសម៉ារ៉ុកទៅដល់ប្រទេសអេហ្ស៊ីប។

ជាបន្តបន្ទាប់ក្រោយមកនៅទីកន្លែងផ្សេងៗទៀតនៃពិភពលោកដូចជានៅប្រទេសកូរ៉េខាងត្បូង, ប្រទេសអារ៉ាប៊ីសាអូឌីត និងកោះតៃវ៉ាន់ជាដើម្បីបាននាំគ្នាធ្វើការអភិវឌ្ឍខ្សែរថភ្លើងល្បឿនលឿនដូចគ្នាដែរបូករួមទាំងឥណ្ឌា, ថៃ, រុស្ស៊ី, និងអាមេរិកផងដែរ សុទ្ធតែមានជាប់ឈ្មោះជាប្រជាជាតិដែលបានដាក់ការប្តេជ្ញាចិត្តក្នុងការកសាងបណ្តាញខ្សែរថភ្លើងល្បឿនលឿន high-speed railway ដែលជាទូទៅគេកំណត់យកល្បឿនចាប់ពី២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នខ្សែរថភ្លើងដែលមានល្បឿនលឿនខ្លាំងជាងគេបំផុតរបស់ពិភពលោកនោះគឺជាខ្សែរថភ្លើងរបស់ចិនដែលមានឈ្មោះថា Shanghai Maglev ដែលមានល្បឿនរហូតទៅដល់៤៦០គីឡូម៉ែត្រក្នុងមួយម៉ោងតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិ Pudong airport ទៅដល់ស្ថានីយរថភ្លើង Longyang Road station កណ្តាលទីក្រុងសៀងហៃ៕

អត្ថបទទាក់ទង