Close

ក្រុមហ៊ុន RMA និង BKI របស់អូស្ត្រាលី មានផែនការបណ្ដុះបណ្ដាលជំនាញជូនយុវជនកម្ពុជាលើវិស័យយានយន្ត

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន RMA និង BKI របស់អូស្ត្រាលី មានផែនការបណ្ដុះបណ្ដាលជំនាញជូនយុវជនកម្ពុជាលើវិស័យយានយន្ត ក្រុមហ៊ុន RMA និង BKI របស់អូស្ត្រាលី មានផែនការបណ្ដុះបណ្ដាលជំនាញជូនយុវជនកម្ពុជាលើវិស័យយានយន្ត

ភ្នំពេញ៖ ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន BKI Group មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia – ACEC)ដាក់ចេញផែនការយុទ្ធសាស្រ្តលើគម្រោងរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត និងវិស័យពាក់ព័ន្ធផ្សេងទៀត ។

ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានបង្ហាញនៅថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និង Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី ដឹកនាំដោយ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ប្រចាំកម្ពុជា។

ក្រុមហ៊ុន RMA និង BKI របស់អូស្ត្រាលីមានផែនការបណ្ដុះបណ្ដាលជំនាញជូនយុវជនកម្ពុជាលើវិស័យយានយន្ត

បើតាមលោកស្រី Bridget Collier កិច្ចសហការនេះក៏ស្នើសុំឱ្យមានការគាំទ្រពីរាជរដ្ឋាភិបាល ពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបានជាធាតុចូល និងអាចជំរុញឱ្យក្រុមហ៊ុនដាក់ចេញនូវយុទ្ធសាស្រ្តពង្រឹងជំនាញយុវជន ត្រៀមសម្រាប់ផ្គត់ផ្គង់ដល់ផ្នែកឯកជនតាមតម្រូវការបច្ចេកទេស។

ឆ្លើយតបទៅនឹងបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរសាទរលើកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យយុវជនបានបង្កើនជំនាញបច្ចេកទេសឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេស ការពង្រឹងសមត្ថភាពលើក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលជាបច្ច័យល្អមួយសម្រាប់ការធ្វើពាណិជ្ជកម្ម និងផ្ដល់ភាពច្បាស់លាស់ជូនដល់ពាណិជ្ជករ និងវិនិយោគិន។

ក្រុមហ៊ុន RMA និង BKI របស់អូស្ត្រាលីមានផែនការបណ្ដុះបណ្ដាលជំនាញជូនយុវជនកម្ពុជាលើវិស័យយានយន្ត

ភ្ជាប់ទៅប្រធានបទខាងលើនេះដែរ ដើម្បីជំរុញសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុនចូលរួមចំណែកឱ្យបានសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) ពិសេសពាក់ព័ន្ធនឹងការរៀបចំគ្លីនិកចល័ត (Mobile Clinic) ដើម្បីគាំទ្រការផ្ដល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។

ជាការឆ្លើយតប លោកតំណាងក្រុមហ៊ុន RMA Cambodia បានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកគាំទ្រដល់សកម្មភាពខាងលើ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់លើបញ្ហាសង្គម នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាល៕

ក្រុមហ៊ុន RMA និង BKI របស់អូស្ត្រាលីមានផែនការបណ្ដុះបណ្ដាលជំនាញជូនយុវជនកម្ពុជាលើវិស័យយានយន្ត