ត្រឹម ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford កើនដល់ជាង ៤០០នាក់
ពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានថ្លែង ត្រឹមរយៈពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើនដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ, ឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារបានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមានរោងចក្រជាង ៤០០ បង្កើតការងារបានជាង ១,៥ម៉ឺននាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ។
សម្តេចធិបតីថ្លែងទៀតថា៖« យើងរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅហួស មកហួស សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន តែបច្ចុប្បន្នបានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កម្ពុជា ពីមុនជាប្រទេសដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជាប្រទេសដែលអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។ថ្ងៃនេះ, យើងក្លាយជាអ្នកផលិតរថយន្ត និងនាំចេញទៅក្រៅមកពីគ្រប់ម្ចាស់ផលិតកម្មនៃបណ្តាប្រទេស និងក្រុមហ៊ុនល្បឺៗដូចជាសហរដ្ឋអាមេរិក, ចិន, ជប៉ុន និង កូរ៉េ ជាដើម។
បើតាមសម្តេចធិបតី ជាមួយនឹងសមិទ្ធផលនេះ, រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈសម្រាប់ក្រុមហ៊ុន អាចចូលមកវិនិយោគ ដោយត្រូវថែរក្សាទាំងអ្នកចាស់ និងអ្នកថ្មី ហើយជំរុញ និងខិតខំឱ្យវិនិយោគិនដែលកំពុងមានវត្តមាននៅកម្ពុជា កាន់តែរីកចម្រើន។ ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ, សន្តិភាព និង ស្ថិរភាពនយោបាយ ដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិន, ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគបន្ថែម តួយ៉ាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នេះ បានអភិវឌ្ឍខ្លួនក្នុងការពង្រីកសក្តានុពល និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែធំ។
ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។
ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣ នាក់។ ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើ ផ្ទៃដីចំនួន ៥ ហិកតា។ ហើយកាលពីឆ្នាំ ២០២២ ក្រុមហ៊ុន បានរៀបចំ ពិធីសម្ពោធដាក់ឱ្យដំណើរការរោង ចក្រដំឡើងរថយន្ត ។
លោកប្រធានក្រុមហ៊ុន RMA Group បានបញ្ជាក់ថា”ក្រុមហ៊ុនបានពង្រីកការវិនិយោគពី ២១ លានដុល្លារអាមេរិក ទៅ ២៦,៨ លានដុល្លារអាមេរិក និងបានពង្រីក ផ្ទៃដីសាងសង់រោងចក្រពី ៥ ហិកតា រហូតដល់ ១២ ហិកតា៕