និស្សិតកម្ពុជា និងអត្តពលិកវៀតណាម ប្រមាណ ៣០០នាក់ ចូលរួមដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ និស្សិតកម្ពុជា និងអត្តពលិកវៀតណាម ប្រមាណ ៣០០នាក់ បានចូលរួមដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មុននឹងបន្តរត់ភ្លើងគប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានដទៃទៀត។
ពិធីរត់ដង្ហែភ្លើងគប់នេះ ត្រូវបានធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គីជ័យកីឡា, លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើនផងដែរ។
គួររំលឹកថា ព្រះអគ្គីជ័យកីឡា បានបង្ហែទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៣ ម្សិលមិញនេះ និងបានតម្កល់ទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដែលមានទីតាំងនៅផ្លូវ Tran Hung Dao ខណ្ឌ Hoan Kiem ទីក្រុងហាណូយ មុននឹងដង្ហែជាផ្លូវការណ៍ព្រឹកមិញនេះ៕