អាល្លឺម៉ង់បញ្ជាទិញរថពាសដែកទំនើបរបស់អូស្ត្រាលីជាង ១០០គ្រឿង
បរទេស ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចេញសេចក្តីប្រកាសជាសាធារណៈនឹងបញ្ចេញខ្ទង់ចំណាយយោធាមួយចំនួនដើម្បីអាចទិញយករថពាសដែកបច្ចេកវិទ្យាទំនើបបំផុតរបស់អូស្ត្រាលីប្រមាណជាជាង១០០គ្រឿងដើម្បីអាចធ្វើទំនើបកម្មកងកម្លាំងយោធារបស់ខ្លួន។
មន្ត្រីតំណាងរដ្ឋាភិបាលអូស្ត្រាលី និងអាល្លឺម៉ង់បានចូលរួមក្នុងពិធីចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការនៅក្នុងដំណើរការដោះដូរអាវុធមួយប្រភេទដែលជាបច្ចេកវិទ្យាចុងក្រោយនៃត្រកូល Boxer ព្រមទាំងមានបំពាក់មកជាមួយនូវកាំភ្លើងយន្តទំហំ 30mm ផងដែរ ហើយជឿជាក់ថាការដឹកជញ្ជូនរថពាសដែកទាំងនោះនឹងអាចចាប់ផ្តើមធ្វើឡើងចាប់ពីឆ្នាំ២០២៥ខាងមុខនេះ។
ទោះបីជាយ៉ាងណាក្តី ទំហំនៃការបញ្ជាទិញសរុបនៅមិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែគេដឹងថាកញ្ចប់ចំណាយយោធារបស់អាល្លឺម៉ងលើកនេះគឺជាផ្នែកមួយនៃកញ្ចប់ពិសេសសម្រាប់ចំណាយយោធាដែលបានអនុម័តកាលពីអំឡុងពេលចាប់ផ្តើមនៃប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនដោយរដ្ឋាភិបាលក្រុងប៊ែរឡាំងដែលមានចំនួនប្រមាណជា១០០ពាន់លានអឺរ៉ូក្នុងគោលបំណងសំខាន់គឺធ្វើទំនើបកម្មវិស័យយោធារបស់ប្រទេស។
តាមផែនការ រថពាសដែកត្រកូល Boxer ទាំងនេះនឹងត្រូវយកទៅជំនួសឲ្យការងាររបស់រថពាសដែកដែលកំពុងបម្រើប្រតិបត្តិការបច្ចុប្បន្នរបស់អាល្លឺម៉ង់ Wiesel 2 ដោយសារតែអាយុកាលកាន់តែចាស់ ហើយបច្ចេកវិទ្យាមិនសូវទំនើបដូចម៉ូឌែលរថពាសដែកដទៃឡើយ។
កាលពីពេលកន្លងមកនេះផងដែរ រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់បានទទួលរងការរិះគន់ជាច្រើនរួចមកហើយ ចំពោះបញ្ហាដំណើរការយឺតយ៉ាវនៃការចំណាយកញ្ចប់ថវិកាពិសេសសម្រាប់យោធា ប៉ុន្តែខ្លួនបានអះអាងថា គិតមកទល់ពេលនេះ អាល្លឺម់ង់បានចុះហត្ថលេខាលើកុងត្រាដែលពាក់ព័ន្ធមានតម្លៃដល់ទៅ៣០ពាន់លានអឺរ៉ូរួចមកហើយ៕