ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសប៉ាគីស្ថានចុះ MOU ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិទាំងពីរ។
ពិធីចុះហត្ថលេខាខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតិភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពល្អប្រសើរដែលមានស្រាប់ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀត សម្រាប់ទាញយកសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ចដែលមានរវាងប្រទេសទាំងពីរ៕
