ឥណ្ឌាត្រៀមសាកល្បងប្រើបច្ចេកវិទ្យា 6G នៅពេលឆាប់ៗនេះ ខណៈ 5G ទើបតែដាក់ឲ្យប្រើបាន ៦ខែ
បន្ទាប់ពីប្រកាសដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G មិនទាន់បាន ៦ខែពេញលេញផងនោះ នៅពេលនេះ ឥណ្ឌាបានប្រកាសថានឹងត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា 6G នៅក្នុងពេលឆាប់ៗខាងមុខនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងឲ្យដឹងថា នៅពេលនេះ ឥណ្ឌាបាន និងកំពុងអភិវឌ្ឍបច្ចេកវិទ្យា 6G ហើយត្រៀមនឹងសាកល្បងប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះ។ បច្ចេកវិទ្យា 6G ថ្មីនឹងធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេសឥណ្ឌាកាន់តែមានសុពលភាព។
លោក Modi បាននិយាយថា “ថ្ងៃនេះឥណ្ឌាកំពុងឆ្ពោះទៅមុខលើផ្លូវនៃបដិវត្តឌីជីថល។ ឥណ្ឌាជាប្រទេសដែលប្រើប្រព័ន្ធ 5G លឿនបំផុត ដោយ ក្នុងរយៈពេល ៦ខែនៃការដាក់ឲ្យប្រើ 5G យើងបាន និងកំពុងតែសិក្សា ហើយត្រៀមដាក់សាកល្បងបច្ចេកវិទ្យា 6G”។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G ជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយតាមគម្រោងនឹងដាក់ពង្រាយការប្រើប្រាស់ឲ្យពេញផ្ទៃប្រទេសនៅត្រឹមចុងឆ្នាំ២០២៤ខាងមុខនេះ៕