Close

កម្ពុជាលើកទឹកចិត្តឱ្យឥណ្ឌូនេស៊ីបើកទីផ្សារទូលាយសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ សង្គម
កម្ពុជាលើកទឹកចិត្តឱ្យឥណ្ឌូនេស៊ីបើកទីផ្សារទូលាយសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា កម្ពុជាលើកទឹកចិត្តឱ្យឥណ្ឌូនេស៊ីបើកទីផ្សារទូលាយសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា

កម្ពុជាបានលើកទឹកចិត្តឱ្យឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជាឲ្យកាន់តែទូលាយ ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីដើមសប្តាហ៍បាន បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី និងសហការី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀតថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

នាឱកាសនោះដែរ ឯកឧត្តម Enggartiasto បានថ្លែងដោយសាទរថា កម្ពុជាទទួលបានភាពជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងបានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លំហូវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តម Enggartiasto Lukita ក៏បានកត់សម្គាល់ផងដែរថា កម្ពជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននិងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តម Enggartiasto ចំពោះការរៀបចំកិច្ចពិភាក្សានេះ និងបានប្តេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទទាក់ទង