រដ្ឋាភិបាលក្រុងមូស្គូ ៖ លោកខាងលិចចាប់ផ្តើមបំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន
បរទេស ៖ សាជាថ្មីចំពោះមុខ ផែនការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូម DU ( Depleted Uranium ) ទៅឲ្យអ៊ុយក្រែនពីសំណាក់រដ្ឋាភិបាលទីក្រុងឡុង និងមានការគាំទ្រពីក្រោយដោយអាមេរិកនោះ ត្រូវបានភាគីរុស្ស៊ីលើកឡើងថា វាគឺជាសកម្មភាពមិនមានទំនួលខុសត្រូវឡើយចំពោះជីវិតរបស់ជនស៊ីវិល និងអនាគតសន្តិភាពនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ ហើយលោកស្រីបានបន្តថា ការសម្រេចចិត្តរបស់អង់គ្លេសគឺអាចបង្ហាញបានថា លោកខាងលិចមិនបានខ្វាយខ្វល់ទៅនឹងសន្តិភាព និងអនាគតរបស់អ៊ុយក្រែនដូចអ្វីដែលពួកគេធ្លាប់បានប្តេជ្ញាចិត្តកន្លងមកនោះទេ។
ថ្លែងទៅកាន់វិទ្យ Radio Sputnik និងត្រូវបានយកមកចេញផ្សាយដោយកាសែត RT លោកស្រី Maria បានបន្តទៀតថា អ្វីដែលលោកខាងលិចកំពុងអនុវត្តនោះគឺសបញ្ជាក់ឲ្យឃើញថា វាគឺជាកិច្ចការងារដែលមិនមានការប្រុងប្រយ័ត្ន ជាការងារដែលមានភាពមិនទទួលខុសត្រូវ សោះឡើយ ហើយវានឹងអាចបំផ្លាញប្រទេសអ៊ុយក្រែនទៅវិញ។
លោកស្រីបានសង្កត់ធ្ងន់ថា សារធាតុអ៊ុយរ៉ាញ៉ូមប្រភេទ DU ទាំងនោះ មិនត្រឹមតែមានកម្លាំងខ្លាំងនៅពេលដែលផលិតជាអាវុធនោះទេ វាថែមទាំងមានសមត្ថភាពសាយភាយឆ្ងាយ ជាពិសេសគឺនឹងអាចបញ្ចេញធាតុពុលចូលទៅក្នុងដីតាមរយៈធាតុវិទ្យុសកម្ម ដែលច្បាស់ណាស់នឹងនាំឱ្យខូចខាតដល់មជ្ឈដ្ឋានរស់នៅរបស់មនុស្សក្នុងរយៈពេលយូរអង្វែង និងច្រើនជំនាន់ជាមិនខាន។
រំលឹកដែរថា កាលពីឆ្នាំ១៩៩៩ ជាប្រវត្តិសាស្ត្រព្រឹត្តិការណ៍ទំលាក់គ្រាប់បែកដែលមានផ្ទុកអ៊ុយរ៉ាញ៉ូម DU នៅក្នុងអតីតប្រទេស Yugoslav ជាច្រើនតោន ហើយជាលទ្ធផលមកទល់នឹងពេលនេះ ពលរដ្ឋនៃប្រទេស Serbia ដែលជាទីតាំងកើតហេតុនោះបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបូករួមទាំងចំនួនអ្នកស្លាប់កាលពីពេលនោះផង និងចំនួននៃពលរដ្ឋដែលកើតមហារីកយ៉ាងច្រើននាពេលបច្ចុប្បន្ននេះផង៕