ក្រុមហ៊ុន Meta និងលោក Mark Zuckerberg រងពាក្យបណ្ដឹងថ្មីពាក់ព័ន្ធសកម្មភាពជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ
ក្រុមហ៊ុន Meta រួមទាំងលោក Mark Zuckerberg កំពុងរងការចោទប្រកាន់លើបណ្ដឹងថ្មីមួយពាក់ព័ន្ធនឹងសកម្មភាពបញ្ឈប់ការជួញដូរផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅលើបណ្ដាញសង្គម Facebook និង Instagram។
នៅក្នុងពាក្យបណ្តឹងបានលើកឡើងថា ក្រុមហ៊ុន Meta បានបរាជ័យក្នុងការការពារផលប្រយោជន៍របស់ក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនដោយការបិទភ្នែកមើល «ភស្តុតាងជាប្រព័ន្ធ» នៃសកម្មភាពឧក្រិដ្ឋកម្ម ជាពិសេសគឺសកម្មភាពជួញដូរផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅលើបណ្ដាញសង្គម Facebook និង Instagram។
ដោយសារតែការខកខាន ឬអាចនិយាយបានថាខ្វះសមត្ថភាពក្នុងការទប់ស្កាត់សកម្មភាពជួញដូរផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះហើយ បានធ្វើឱ្យក្រុមហ៊ុន Meta ប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូល និងនាំឱ្យវិនិយោគិនមានការមិនសប្បាយចិត្ត។
Mark Zuckerberg ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta បានប្រាប់សភាអាមេរិកកាលពីឆ្នាំ ២០១៩ ថា ការកេងប្រវ័ញ្ចលើកុមារគឺជា «ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយដែលយើង (Meta) ផ្តោតការយកចិត្តទុកដាក់»។
គួរបញ្ជាក់ផងដែរថា Meta ប្រឈមមុខនឹងបណ្តឹងរាប់រយពីក្រុមគ្រួសាររបស់ក្មេងជំទង់ និងកុមារតូចៗ ដែលអះអាងថាមានបញ្ហាសុខភាពផ្លូវចិត្តដោយការញៀន Facebook និង Instagram ។ សាលារៀនមួយចំនួនក៏បានដាក់ពាក្យប្ដឹងពីបញ្ហានេះដែរ៕