Kylian Mbappe ត្រូវបានតែងតាំងពាក់ស្លាកប្រធាន ដើម្បីដឹកនាំក្រុមជម្រើសជាតិបារាំង លេងជម្រុះ Euro ជុំទី១
ខ្សែប្រយុទ្ធវ័យក្មេង Kylie Mbappe របស់ក្លឹប Paris St-Germain ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំង ដើម្បីជំនួសតំណែង Hugo Lloris ដែលចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីចប់ World Cup 2022។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ នៅថ្ងៃ អង្គារនេះ ។
សារព័ត៌មាន L’Equipe របស់បារាំង បានរាយការណ៍ថា Mbappe បានទទួលយកតួនាទីជាប្រធានក្រុមជម្រើសជាតិបន្ទាប់ពីបាននិយាយជាមួយគ្រូបង្វឹកក្រុមមាន់គោក លោក Didier Deschamps ។
ទោះមានវ័យទើបតែ ២៤ឆ្នាំ តែ Kylian Mbappe ត្រូវបានគេសរសើរថា ជាបេក្ខភាពមួយរូបដែលសាកសម សម្រាប់តួនាទីនេះ ចាប់តាំងពីអ្នកចាំទី Lloris ចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ក្នុងខែមករា បន្ទាប់ពីការដឹកនាំប្រទេសបារាំង ទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីពីរ។
Mbappe បង្ហាញខ្លួនចំនួន ៦៦ប្រកួតជាមួយក្រុមជម្រើសជាតិ និងបានដើរតួយ៉ាងសំខាន់ ក្នុងយុទ្ធនាការ World Cup 2018 ដ៏ជោគជ័យរបស់ពួកគេ ក៏ដូចជាការបញ្ចប់ចំណាត់ថ្នាក់លេខ២ របស់ពួកគេ នៅ World Cup 2022។
គួរបញ្ជាក់ថា បារាំង នឹងត្រូវប្រកួតជម្រុះ Euro ជុំទីមួយ ជាមួយក្រុមជម្រ់សជាតិ ហូឡង់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ វេលាម៉ោង ២៖៤៥ AM៕