ទោះមានបញ្ហាព្រំដែន វិស័យទេសចរណ៍កម្ពុជា នៅតែរឹងមាំ ភ្ញៀវទេសចរជឿជាក់លើសុវត្ថិភាព
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ទោះបីស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃនៅតែមានបញ្ហាក៏ដោយ វិស័យទេសចរណ៍របស់កម្ពុជានៅតែមានភាពរឹងមាំ និងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឲ្យដឹងថា៖
«ការរក្សាបាននូវកំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបែបនេះ បង្ហាញពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌ និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា។ វាជាការបញ្ជាក់ថា ភ្ញៀវទេសចរមានទំនុកចិត្តលើសេវាកម្ម និងសុវត្ថិភាពនៅរមណីយដ្ឋានអង្គរ។»
ភ្ញៀវទេសចរជនជាតិអ៊ីតាលីបានថ្លែងថា ទោះបីពួកគាត់បានឮព័ត៌មានពីជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃក៏ដោយ ពួកគាត់មិនមានការភ័យខ្លាចនោះទេ ព្រោះស្ថានភាពនៅតំបន់ទេសចរណ៍អង្គរត្រូវបានរាជរដ្ឋាភិបាលធានាសុវត្ថិភាព។ ពួកគាត់ក៏សរសើរថា ជម្លោះនេះគួរតែបញ្ចប់ដោយរដ្ឋាភិបាលទាំងពីរ ដើម្បីធានាសុខុមាលភាពសម្រាប់ប្រជាជន។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការរក្សាភាពរឹងមាំក្នុងវិស័យទេសចរណ៍ បង្ហាញពីការផ្សព្វផ្សាយល្អ និងសេវាកម្មល្អរបស់កម្ពុជា ដែលធានាសុវត្ថិភាព និងទំនុកចិត្តរបស់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស៕