Close

អាជ្ញាធរជាតិអប្សរាអំពាវនាវភ្ញៀវទេសចរជាតិ-អន្តរជាតិបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលទស្សនាប្រាសាទនារដូវវស្សា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
អាជ្ញាធរជាតិអប្សរាអំពាវនាវភ្ញៀវទេសចរជាតិ-អន្តរជាតិបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលទស្សនាប្រាសាទនារដូវវស្សា អាជ្ញាធរជាតិអប្សរាអំពាវនាវភ្ញៀវទេសចរជាតិ-អន្តរជាតិបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលទស្សនាប្រាសាទនារដូវវស្សា

សៀមរាប៖ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅ ក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នារដូវវស្សានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សេចក្តីជូនដំណឹង ស្តីពី ហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ នៅថ្ងៃទី ២ ខែកញ្ញា បានសរសេរថា៖​ «អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជញុំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ»

អាជ្ញាធរជាតិអប្សរាអំពាវនាវភ្ញៀវទេសចរជាតិ-អន្តរជាតិបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលទស្សនាប្រាសាទនារដូវវស្សា

ប្រភពដដែលបន្តថា៖«ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅ ក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចត យានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្ដាលឱ្យរងរបួស ឬ ខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ»។

សូមបញ្ជាក់ថា នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង៤:៣០នាទីល្ងាច មានករណីដើមឈើក្រឡាញ់ និងពពេល ចំនួន២ដើម ត្រូវខ្យល់បក់ដួលចំកណ្ដាលផ្លូវ នៅចំណុចស្ពានបុរាណប្រាសាទនាគព័ន្ធ ភ្លាមៗនោះ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ និងភ្នាក់ងារសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ធ្វើការកាត់ ដកចេញរួចរាល់ហើយ។ ការធ្វើដំណើរឆ្លងកាត់តាមគន្លងផ្លូវនេះអាចធ្វើចរាចរណ៍ឡើងវិញចាប់ពីពេលនោះតទៅ៕
អាជ្ញាធរជាតិអប្សរាអំពាវនាវភ្ញៀវទេសចរជាតិ-អន្តរជាតិបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលទស្សនាប្រាសាទនារដូវវស្សា