អាមេរិក-ជប៉ុនស្វែងរកឱកាសសហការគ្នាផលិតប្រព័ន្ធរារាំងមីស៊ីលល្បឿនលឿនជាងសំលេង
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុនត្រូវបានគេមើលឃើញថាកំពុងពិភាក្សាដើម្បីពិនិត្យមើលលទ្ធភាពក្នុងការចាប់ដៃគ្នាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធថ្មីមួយដែលមានសមត្ថភាពក្នុងការចាប់ស្ទាក់នូវប្រភេទមីស៊ីលដែលមានល្បឿនលឿនជាងសំលេងឬ Hypersonic missile។
មន្ទីរប៉ង់តាហ្គោនបច្ចុប្បន្ននេះក៏កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃកម្មវិធីស្រាវជ្រាវអាវុធថ្មីដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបច្ចេកវិទ្យាអាវុធទាំងឡាយណាដែលមានល្បឿនលឿនជាងសំលេង។
អនុឧត្តមមន្ត្រី Jon Hill ដែលជាអ្នកដឹកនាំ និងគ្រប់គ្រងទីភ្នាក់ងារជាតិសម្រាប់វិស័យការពារអាវុធមីស៊ីលរបស់អាមេរិក MDA បានអះអាងកាលពីសប្តាហ៍មុនថា អង្គភាពរបស់លោកពិតជាកំពុងពិចារណាប្រទេសជប៉ុនមកធ្វើជាដៃគូសហការក្នុងផែនការផលិតបច្ចេកវិទ្យាអាវុធប្រឆាំងមីស៊ីលដែលមានឈ្មោះថា Glide Phase Intereceptor (GPI) ពិតមែនហើយក៏បានកំណត់ហើយផងដែរវាគឺជាកិច្ចការងារអទិភាពបំផុត។
លោក Hill បានបន្តទៀតថា ៖ កិច្ចខិតខំប្រឹងប្រែងលើកម្មវិធីនេះនឹងដើរតាមគំរូជោគជ័យរវាងអាមេរិក និងជប៉ុនម្តងហើយក្នុងនៃកម្មវិធីអភិវឌ្ឍ និងផលិតមីស៊ីល SM-3 block IIA ដែលជប៉ុនជាអ្នកទទួលបន្ទុកលើដំណាក់កាលផលិតចំនួន២ដំណាក់កាល។
តាមផែនការថវិកាប្រចាំឆ្នាំ MDA បានធ្វើការស្នើសុំកញ្ចប់ថវិកាប្រមាណជា២០៩លានដុល្លាររួចមកហើយសម្រាប់កិច្ចការងារអភិវឌ្ឍ និងផ្តល់កុងត្រាសម្រាប់កម្មវិធី GPI ដែលក្រោយពេលរួចរាល់ប្រព័ន្ធអាវុធបាញ់រារាំងមីស៊ីលថ្មីនេះនឹងអាចយកទៅដាក់ឲ្យប្រើប្រាស់ជាមួយនឹងកងកម្លាំងកងទ័ពជើងទឹកអាមេរិក៕