Close

ជិត១ ខែ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០០ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
ជិត១ ខែ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០០ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជិត១ ខែ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០០ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការដ៏គួរឲ្យកត់សម្គាល់ ក្នុងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ បានចាប់ផ្តើមបន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តទាំង ២៥ បានចាត់វិធានការយ៉ាងសកម្ម។

ជិត១ ខែ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០០ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ប្រតិបត្តិការនេះ មានចំនួន ១៣៨ ទីតាំង ត្រូវបានចុះបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មានប្រតិបត្តិការបង្ក្រាបសរុប ៥៨ ទីតាំង/ករណី នៅក្នុង ១៧ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង មណ្ឌលគីរី ប៉ៃលិន តាកែវ ស្វាយរៀង សៀមរាប និងត្បូងឃ្មុំ។ ករណីរថយន្តដឹកជនបរទេសត្រូវបានឃាត់ចំនួន ១៩ ករណី។ និងករណីជួយសង្គ្រោះជនរងគ្រោះមាន ១ ទីតាំង (ខេត្តពោធិ៍សាត់) ដោយបានសង្គ្រោះជនជាតិវៀតណាមសរុប ១៥៣ នាក់ (ស្រី ១៨ នាក់)។

ប្រតិបត្តិការខាងលើនេះ មាន ជនសង្ស័យសរុប ៣,០៧៥ នាក់ (ស្រី ៦០៦ នាក់) ត្រូវបានឃាត់ខ្លួន។ ក្នុងចំណោមនោះ មានជនជាតិចិន ១,០២៨ នាក់ (ស្រី ៨៩ នាក់) វៀតណាម ៦៩៣ នាក់ (ស្រី ១៩០ នាក់) ឥណ្ឌូនេស៊ី ៣៦៦ នាក់ (ស្រី ៧០ នាក់) ឥណ្ឌា ១០៥ នាក់ (ស្រី ៩ នាក់) បង់ក្លាដែស ១០១ នាក់ (ស្រី ២៧ នាក់) ថៃ ៨២ នាក់ (ស្រី ១៣ នាក់) កូរ៉េ ៥៧ នាក់ (ស្រី ២ នាក់) ប៉ាគីស្ថាន ៨១ នាក់ (ស្រី ៣ នាក់) នេប៉ាល់ ១៣ នាក់ ម៉ាឡេស៊ី ៤ នាក់ និងជនជាតិដទៃទៀតដូចជា ហ្វីលីពីន ឡាវ កាមេរូន នីហ្សេរីយ៉ា យូហ្គាន់ដា សៀរ៉ាលីអូន ម៉ុងហ្គោលី រុស្ស៊ី និងមីយ៉ាន់ម៉ា ជាដើម។

ជិត១ ខែ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០០ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លើសពីនេះទៀត សមត្ថកិច្ចបាន ដកហូតវត្ថុតាង: មានឧបករណ៍បម្រើឱ្យបទល្មើស Online Scams មួយចំនួនត្រូវបានដកហូត រួមមាន៖ កុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ។ វត្ថុតាងផ្សេងទៀតដែលពាក់ព័ន្ធនឹងគ្រឿងញៀន រួមមាន៖ ម្សៅអេស្ដាស៊ី (ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិន ជញ្ជីងថ្លឹងគ្រឿងញៀន ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន សារធាតុញៀន សម្ភារឧបករណ៍កែច្នៃគ្រឿងញៀន អាវុធ និងគ្រាប់កាំភ្លើង ក៏ត្រូវបានរឹបអូសផងដែរ។
ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំងនិងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទមិនឲ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី។ ជាក់ស្តែង នៅរាជធានីភ្នំពេញ មេក្លោង ១១ នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការ ហើយតុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមេក្លោងចំនួន ៨ នាក់។

ជិត១ ខែ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០០ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនជាតិចិន ១៧ នាក់ (ស្រី ២ នាក់) ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តព្រះសីហនុ និងកំពុងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្តេញចេញទៅប្រទេសសាមី។ រីឯវត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រងរក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់សកល ហើយបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕

ជិត១ ខែ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង ៣០០០ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា