សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ទទួលបានថវិកា ៧០ ម៉ឺនដុល្លារ សម្រាប់សង់ផ្ទះសំណាញ់ និងផ្លូវគ្រួសក្រហម

សៀមរាប៖ សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ដែលមានទីតាំងនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលជំនួយឥតសំណងប្រមាណ ៧០ ម៉ឺនដុល្លារ ពី គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។
លោក ឃមឹ ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថាជំនួយនេះនឹងរួមចំណែកក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់សហគមន៍។
លោកបន្តថា ក្រោមគម្រោងនេះ សហគមន៍នឹងរួមចំណែកវិនិយោគ ៤០% លើការសាងសង់ ផ្ទះសំណាញ់ចំនួន ៥០ ខ្នង និង ផ្លូវគ្រួសក្រហមប្រវែង ៥,៣ គីឡូម៉ែត្រ នៅក្នុងសហគមន៍។ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខារវាងសហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការចូលរួមពីលោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោក។
បើតាមលោក ឃឹម ហ្វីណង់ តាមរយៈការវិនិយោគទាំងនេះ សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ នឹងមានសមត្ថភាពអាចផ្គត់ផ្គង់ បន្លែសុវត្ថិភាពចម្រុះបានប្រមាណ ១៣៥ តោនក្នុងមួយឆ្នាំ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់សមាជិកសហគមន៍៕