ក្រសួងកសិកម្មទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន
តាកែវ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមយុទ្ធនាការប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើប ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារទឹកដីនៅតំបន់ព្រំដែន។
កាលពីរសៀលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ចំនួន ២ គ្រឿង បានដឹកជញ្ជូនបន្លែស្រស់ៗជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ក្នុងខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
នេះជាជើងទីមួយនៃការផ្គត់ផ្គង់ ដែលធ្វើឡើងក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីផ្តល់អាហារូបត្ថម្ភប្រកបដោយគុណភាពខ្ពស់ ដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានពលិកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
បន្ថែមពីលើការផ្តល់ជំនួយដល់កងកម្លាំង ការប្រមូលទិញបន្លែនេះ ក៏បានផ្តល់នូវ ចំណូលបន្ថែម ដល់ប្រជាកសិករ ទាំងនៅក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបន្តប្រមូលទិញ និងដឹកជញ្ជូនបន្លែចំនួន ៧ តោនបន្ថែមទៀត នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីធានាបាននូវការផ្គត់ផ្គង់ជាប្រចាំដល់កងកម្លាំងរបស់យើង៕