Close

ជនជាតិឥណ្ឌូនេស៊ី ២៧១ នាក់,ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ជនជាតិឥណ្ឌូនេស៊ី ២៧១ នាក់,ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ជនជាតិឥណ្ឌូនេស៊ី ២៧១ នាក់,ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

ឥណ្ឌូនេស៊ី៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនជាតិឥណ្ឌូនេស៊ី ២៧១ នាក់ ក្នុងនោះមានស្ត្រី ៤៥ នាក់ ក្នុងអំឡុងពេលចុះបង្ក្រាបទ្រង់ទ្រាយធំនៅទីតាំងសង្ស័យថាជាកន្លែងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឥណ្ឌូនេស៊ី Indonesia Business Post នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥។

បើតាមប្រភពដដែល ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការបង្រ្កាបទូទាំងប្រទេសលើបណ្តាញឆបោកតាមអ៊ីនធឺណិត ដែលបានចាប់ផ្តើមតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
អាជ្ញាធរបានរឹបអូសកុំព្យូទ័រចំនួន ៣៤១ គ្រឿង និងទូរស័ព្ទដៃ ៣៥២ គ្រឿង ដែលគេជឿថាបានប្រើប្រាស់ក្នុងសកម្មភាពបោកប្រាស់។

ចំនួនដ៏ច្រើននៃជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានរកឃើញកំពុងធ្វើការនៅក្នុងបរិវេណនោះ បានបង្កការព្រួយបារម្ភអំពីស្ថានភាពផ្លូវច្បាប់របស់ពួកគេ និងការពាក់ព័ន្ធដែលអាចកើតមានទៅនឹងការបង្ខិតបង្ខំឱ្យធ្វើការ ឬការជួញដូរមនុស្ស។ជនដែលត្រូវបានចាប់ខ្លួនទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស៊ើបអង្កេតបន្ត និងចាត់ការតាមនីតិវិធីច្បាប់។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ពីបំណងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងមេក្លោងនៃបណ្តាញនេះ។

ជនជាតិឥណ្ឌូនេស៊ី ២៧១ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Rolliansyah Soemirat បានបញ្ជាក់កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា ដើម្បីទទួលបានព័ត៌មានពេញលេញ និងធានាការផ្តល់ជំនួយកុងស៊ុលដល់បុគ្គលដែលត្រូវបានចាប់ខ្លួន។

លោកបន្តថា ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅភ្នំពេញកំពុងត្រៀមធ្វើទស្សនកិច្ចកុងស៊ុលជាផ្លូវការ និងផ្តល់ការគាំទ្រផ្នែកច្បាប់ និងមនុស្សធម៌ ស្របតាមពិធីសារកុងស៊ុលស្តង់ដារ។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់កម្ពុជា ដើម្បីលុបបំបាត់បណ្តាញឆបោកតាមអ៊ីនធឺណិត ដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ និងតំបន់។ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (CCOS) ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងទាំងនេះ៕