រយៈពេល ៦ខែឆ្នាំនេះ មានអ្នកស្នើចុះឈ្មោះចូលរៀនជំនាញចំនួន ១៣ម៉ឺននាក់
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនចំនួន ១៣ម៉ឺននាក់ ក្នុងនោះក្រុមគោលដៅដែលជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានប្រមាណ ៥,៤ម៉ឺននាក់។នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា សិស្សកំពុងរៀន និងបានបញ្ចប់ការសិក្សាមានចំនួន ៨,២ម៉ឺននាក់ក្នុងនោះក្រុមគោលដៅមាន ៣,៨ម៉ឺននាក់ ខណៈដែលសិស្សកំពុងរង់ចាំចូលរៀនមានជំនួប ៨,៨ពាន់នាក់ ក្នុងនោះក្រុមគោលដៅមានប្រមាណ ៤,៣ពាន់នាក់ សិស្សដែលមានការងារធ្វើមានចំនួន ២,២ម៉ឺននាក់។
ជាមួយនឹងកំណើន នៃសិស្សចុះឈ្មោះចូលរៀននេះ លោក ស៊ុន មេសា បានបន្តជំរុញឱ្យពលរដ្ឋជាពិសេសក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីមានជំនាញ និងចំណូលឆាប់រហ័សក្នុងការកែប្រែជីវភាពឱ្យកាន់តែប្រសើរ។
សូមរំលឹកថា កម្មវិធីថ្នាក់ជាតិនេះ ត្រូវបានប្រកាសដាក់ចេញដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែវិច្ចិកា ឆ្នាំ២០២៣ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដើម្បីផ្តល់ជំនាញដល់យុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីទទួលបានជំនាញរយៈពេលខ្លី និងមានការងារសមរម្យសម្រាប់កែប្រែជីវភាពឱ្យកាន់តែប្រសើរឡើង។
គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងសរុបចំនួន ២៥៤គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថានសាធារណៈចំនួន ៣៧ គ្រឹះស្ថានឯកជនចំនួន ១៩៣ គ្រឹះស្ថាន ដោយចុះបញ្ជិការនៅក្រសួងចំនួន ៧២ គ្រឹះស្ថាន និងគ្រឹះស្ថានក្រោមឱវាទមន្ទីរចំនួន ១២១ គ្រឹះស្ថាន និងអង្គការ/សមាគមចំនួន ២៤ គ្រឹះស្ថាន៕