Close

សិប្បកម្មប្រពៃណីគួរត្រូវបានជួយគាំទ្រ ដើម្បីរក្សាអត្តសញ្ញាណ និងជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាជន​មូលដ្ឋាន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សង្គម
សិប្បកម្មប្រពៃណីគួរត្រូវបានជួយគាំទ្រ ដើម្បីរក្សាអត្តសញ្ញាណ និងជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាជន​មូលដ្ឋាន សិប្បកម្មប្រពៃណីគួរត្រូវបានជួយគាំទ្រ ដើម្បីរក្សាអត្តសញ្ញាណ និងជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាជន​មូលដ្ឋាន

ប្រជាជនខ្មែរជាញឹកញាប់ត្រូវបានគេកោតសរសើរអំពីសីលធម៌ វប្បធម៌ ប្រពៃណី ដែលចាក់ឬស ចាក់គល់យ៉ាងរឹង មុំា រាប់ទាំងការរស់នៅ ការទំនាក់ទំនង ការប្រកបរបររកស៊ី ប្រពៃណី ទំនៀមទំលាប់ សុទ្ធតែមានភាពចំណាស់ និងមានលក្ខណៈពិសេសប្លែកពីជាតិសាសន៍ដទៃ។

ការប្រកបរបររកស៊ី បើនិយាយដោយឡែក ប្រជាជនខ្មែរភាគច្រើនមានទេពកោសល្យខាងសំណង់ និងការកែច្នៃដោយដៃ។ ប៉ុន្តែដោយសារការវិវត្តិនៃសង្គម របៀបរបបនៃការចិញ្ចឹមជីវិតក៏បានផ្លាស់ប្ដូរទៅ​តាមនោះផងដែរ។

មកដល់បច្ចុប្បន្ននេះ ការកែច្នៃវត្ថុប្រើប្រាស់ដោយដៃ (Handmade) គឺនៅមានតិចតួចណាស់ ដោយសារតែកត្តាសំខាន់ៗមួយចំនួនដូចជា កង្វះការគាំទ្រ និងកង្វះអ្នកចេះកែច្នៃជាដើម ព្រោះសន្ទុះនៃការបោះបង់ចោលរបរប្រពៃណីនេះ ក៏ចេះតែមានការកើនឡើង។

នៅឯភ្នំគូលែននៃខេត្តសៀមរាបឯណោះវិញ នៅមានប្រជាជនមួយចំនួនដែលចេះកែច្នៃធនធានដូចជា កំប្លោក រំចេក ឬស្សី និងកប្បាសជាដើម។​ ដើម្បីជួយរក្សាមុខរបរប្រពៃណីរបស់ប្រជាជនរស់នៅក្នុងតំបន់នេះ អង្គការមួយបានផ្ដល់ការគាំទ្រសំដៅពង្រឹង និងពង្រីកមុខរបរនេះឱ្យទៅជាសិប្បកម្ម ដែលអាចរកចំណូលចូលសហគមន៍បាន។

អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន ហៅកាត់ថា ADF ជាអង្គការដែលគាំទ្រទៅលើការបណ្ដុះបណ្ដាលប្រជាសហគមន៍នូវជំនាញកែច្នៃ ជួយលើការកំណត់តម្លៃសម្រាប់លក់ ក៏ដូចជាជួយរកទីផ្សារជូនដល់សិប្បកម្មផង។

សិប្បកម្មដែលមានឈ្មោះថា សិប្បកម្មគូលែន-Kulen Crafts ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ក្នុងគោលបំណងសំខាន់មួយគឺអភិរក្សស្នាដៃសិប្បកម្មប្រពៃណីរបស់ប្រជាសហគមន៍។

​កញ្ញា ឈន់ ភិរម្យ ជាបុគ្គលិកនៃអង្គការ ADF ដែលជាអ្នកធ្វើការផ្ទាល់ជាមួយគម្រោងសិប្បកម្មគូលេនបានឱ្យដឹងថា សកម្មភាពដែលអង្គការជួយគាំទ្រកន្លងមកនេះក៏ដោយសារតែមើលឃើញពីអត្ថប្រយោជ៍នៃជំនាញដែលបងប្អូនប្រជាជនចេះស្រាប់ ម្យ៉ាងទៀត វាក៏ជាចំណែកមួយក្នុងការកាត់បន្ថយការអាស្រ័យ ៊ផលធនធានធម្មជាតិខ្លាំងពេក។

ដោយឡែក ដំណើរការនៃការបណ្ដុះបណ្ដាលវិញ កញ្ញា ភារម្យ បានឱ្យបញ្ជាក់ថា ៖ «យើង​មាន​ជា​វគ្គ​បណ្ដុះបណ្ដាល ផ្ទេរ​ចំណេះ​ជំនាញ​ទៅ​ក្មេង​ជំនាន់​ក្រោយ អញ្ចឹង​ហើយ​យើង​ជ្រើសរើស​យក​អ្នក​ដែល​ធ្វើ​ស្អាត​ជាង​គេ​នៅ​ក្នុង​ភូមិ​ដើម្បី​បង្រៀន​អ្នក​ដទៃ​ទៀត»។

យ៉ាងណាមិញ រយៈពេលជាង២ឆ្នាំនៃការចាប់ផ្ដើមដំណើរការសិប្បកម្មនេះ សហគមន៍បានបង្កើតផលិតផលប្រមាណជា ១០ប្រភេទផ្សេងៗគ្នា ដែលទាំងអស់នេះសុទ្ធសឹងតែចេញពីការផលិតដោយដៃផ្ទាល់តែម្ដង ដោយផលិតផលទាំងនោះរួមមានដូចជា កន្ទេល​រំចេក​ ឈុត​ទ្រនាប់​កែវ​ ចាន​ធ្វើ​ឡើង​ពី​រំចេក​ ចង្អេរ កញ្ជើ គ្រុះ (ប្រដាប់​រែក​ទឹក​បុរាណ) កាំបិតផ្គាក់ កាំបិតបន្ទោះ (សម្រាប់​ធ្វើ​សិប្បកម្ម​) កាំបិតស្នៀត អំបោស បំពង់បឺត​ឫស្សី និង​ផលិត​ផល​ ២​ទៀត​ដែល​គ្រោង​ធ្វើ​ឡើង​វិញ​ គឺកន្ទេល​ធ្វើ​ពី​ដើម​រុន និង​កប្បាស​។

ថ្វីត្បិតថា សិប្បកម្មគូលែនបានបង្កើតនូវផលិតផលផ្សេងៗសម្រាប់លក់ចូលក្នុងទីផ្សារក៏ពិតមែន ក៏ប៉ុន្តែចំណូលដែលរកបានមកវិញ ហាក់នៅមានកម្រិតនៅឡើយ ដោយសារតែល្បឿននៃការផលិតនៅមិនទាន់ដល់លក្ខណៈស្តង់ដារ រីឯតម្លៃនៃផលិតផលសម្រេចក៏ត្រូវបានអតិថិជនត្អូញត្អែចំពោះតម្លៃ ។ល។

មិនត្រឹមតែប៉ុណ្ណោះ ផលិតផលខ្លះក៏អាចធ្វើបានទៅតាមរដូវកាលទៀត ដូចជារំចេកដែលអាច​ត្បាញបានតែ​​ក្នុងរដូវវស្សា ព្រោះខែប្រាំងរំចេកនឹងស្រួយ ហើយងាយនិងបាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កញ្ញាបានចាត់ទុកថា សិប្បកម្មនេះនៅតែអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងទំហំតូច ហើយកញ្ញាសង្ឃឹមថាសិប្បកម្មនេះនឹងអាចរីកធំធាត់បន្ថែមទៀត នៅពេលដែលប្រជាជនងាក មកចូលរួមផលិតបានកាន់តែច្រើន ហើយអតិថិជនក្នុងស្រុកទៀតសោតជួយគាំទ្រ តាមរយៈការជាវ ទិញផលិតផលទាំងនោះផងដែរ៕

អត្ថបទទាក់ទង