PSG ត្រៀមចាយលុយ ១៨០លានអឺរ៉ូ ទិញតារាឆ្នើមកំពុងឡើងជើងរបស់ Napoli
បរទេស : បន្ទាប់ពីការបរាជ័យ ៧លើកចុងក្រោយរបស់ពួកគេ ម្ចាស់ជើងឯក Ligue 1 បារាំង ក្រុម Paris Saint-Germain (PSG) បានរៀបចំផ្តល់សំណើ ១៨០ លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Napoli កីឡាករ Khvicha Kvaratskhelia ។
យោងតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Correiere dello Sport ក្រុមរបស់លោក Christophe Galtier បានកំណត់អត្តសញ្ញាណកីឡាករអន្តរជាតិហ្សកហ្ស៊ី ជាគោលដៅចម្បងរបស់ពួកគេក្នុងរដូវក្តៅដើម្បីពង្រឹងតំបន់ប្រយុទ្ធ បន្ទាប់ពីក្រុម PSG ទើបតែត្រូវបានទម្លាក់ចេញពីក្របខ័ណ្ឌ Champions League ដោយជើងខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich។
កីឡាករវ័យ ២២ ឆ្នាំរូបនេះ បានក្លាយជាកីឡាករ ដែលមិនអាចមើលរំលង បន្ទាប់ពីរដូវកាលដំបូងដ៏គួរឱ្យចាប់អារម្មណ៍របស់គេ ជាមួយ Napoli ។ Kvaratskhelia ជាចំណែកដ៏ធំ ដែលធ្វើឱ្យក្រុមរបស់លោក Luciano Spalletti ឈរនៅលើកំពូលតារាង Serie A ហើយ Napoli ក៏បានឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។
គួរបញ្ជាក់ថា Kvaratskhelia បានចូលរួមជាមួយ Napoli កាលពីរដូវក្តៅមុន ក្រោយផ្ទេរពី Dinamo Batumi ក្នុងតម្លៃខ្លួន ១០ លានអឺរ៉ូ ។ គិតមកទល់ពេលនេះ រូបគេ ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៥ ដង ក្នុង ២៩ ប្រកួតគិតគ្រប់កម្មវិធី៕