មិនខ្វល់ពីចិន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអនុម័តលក់មីស៊ីលជាង២០០គ្រាប់ទៀតឲ្យអូស្ត្រាលី
បរទេស ៖ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានប្រកាសអំពីសេចក្តីសម្រេចចិត្តក្នុងការអនុម័តលក់កញ្ចប់អាវុធជាមីស៊ីលបញ្ជាពីចំងាយ ឬ Cruise Missile ប្រមាណជា២២០គ្រាប់ទៀតក្នុងតម្លៃជាង ៨៩៥លានដុល្លារទៅឲ្យប្រទេសអូស្ត្រាលីបើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការរិះគន់ និងព្រមានខ្លាំងៗក្តីនាពេលកន្លងមក។
មីស៊ីលបញ្ជាពីចំងាយជាច្រើនរយគ្រាប់ដែលប្រកាសលក់ឲ្យអូស្ត្រាលីលើកនេះត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកទើបតែបានប្រកាសលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥គ្រឿងក្រោមកតិកាសញ្ញា AUKUS កាលពីប៉ុន្មានថ្ងៃកន្លងមកឲ្យរដ្ឋាភិបាលអូស្ត្រាលីដូចគ្នាដែរ។
Cruise Missile ទាំង ២២០គ្រាប់នេះនឹងត្រូវយកទៅបំពាក់ និងប្រើប្រាស់ជាមួយនឹងនាវាមុជទឹក Virginia-class submarines ទាំង៥គ្រឿង ខណៈដែលរដ្ឋាភិបាលប៉េកាំងនៅតែបានចេញមកសំដែងការមិនសប្បាយចិត្តសាជាថ្មីថាកិច្ចព្រមព្រៀងនេះនឹងអាចធ្វើឲ្យមានការប្រថុយប្រថានចំពោះមុខនូវការកើនឡើងនៃការប្រកួតប្រជែងអាវុធ ជាពិសេសអាវុធនុយក្លេអ៊ែរ។
គួរឲ្យដឹងដែរថា កតិកាសញ្ញាអន្តរជាតិ AUKUS ដែលមានសមាជិកជាប្រទេសហត្ថលេខីដូចជាអាមេរិកអង់គ្លេស និងអូស្ត្រាលីត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងដែលបង្កើតឡើងក្នុងគោលបំណងក្នុងការថែរក្សាការពារ និងអភិរក្សាគោលការណ៍សេរី ឬ Free and Open សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែអ្នកជំនាញមើលឃើញថាវាគឺជាកិច្ចព្រមព្រៀងដែលបង្កើតឡើងដើម្បីប្រឈមមុខទៅនឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ប៉ុណ្ណោះ៕