ChatPGT ជំនាន់ទី៤ អាចបង្កើតពាក្យ ២៥,០០០ ច្រើនជាងជំនាន់មុនដល់ទៅ៨ដង
បរទេស ៖ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះក្រុមហ៊ុនបច្ចេកវិទ្យា OpenAI បានប្រកាសដាក់ឲ្យដំណើរការកម្មវិធី Chat GPT-4 ជំនាន់ទី៤របស់ខ្លួនតាមរយៈការធ្វើឲ្យកាន់តែប្រសើរឡើងនៃរូបមន្នក្នុងការផ្តល់រូបភាព និងក៏ដូចជាទំរង់អត្ថបទផង។
សម្រាប់កម្មវិធីជំនាន់ថ្មីនេះត្រូវបានគេដឹងថានឹងអាចដំណើរការផលិតនិងសរសេរអត្ថបទបានរហូតទៅដល់ ២៥, ០០០ ពាក្យ ឬស្មើទៅនឹង៨ដងនៃចំនួនដែលកម្មវិធីជំនាន់មុន។
ChatGPT បានបង្កការភ្ញាក់ផ្អើលចំពោះមុខងារដ៏ឆ្លាតវ៉ៃរបស់វាដែលអាចបំពេញការងារយ៉ាងច្រើនមុខជំនួសឲ្យការងាររបស់ក្រុមអ្នកជំនាញការងារផ្នែកអាយធីជាពិសេសហើយគិតចាប់តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២២មកមនុស្សរាប់លាននាក់បានចាប់ផ្តើមធ្វើការប្រើប្រាស់កម្មវិធី។
គិតមកទល់ពេលនេះ មុខងារពិសេសៗដែលគេនិយមប្រើប្រាស់នៅក្នុងកម្មវិធី ChatGPT ជាងគេនោះមានដូចជាការនិពន្ធបទចម្រៀង, ការសរសេរផែនការទីផ្សារ, ការសរសេរកូដកម្មវិធីកំព្យូទ័រ និងក៏ដូចជាមុខងារជួយសរសេរកិច្ចការងាររបស់សាលាផងដែរ។
ក្រុមហ៊ុន OpenAI ក៏បានបញ្ចាក់ដែរថាក្រុមការងារបានចំណាយពេល៦ខែមកហើយដើម្បីធ្វើតេស្តទៅលើសុវត្ថិភាពនៃការប្រើប្រាស់ ChatGTP-4 ជំនាន់ទី៤នេះដោយមានទាំងការទទួលយកមតិយោបល់ត្រឡប់ពីអ្នកប្រើប្រាស់វិញផងដែរ ប៉ុន្តែព្រមានថាងាយនឹងប្រឈមមុខទៅនឹងការចែករំលែកព័ត៌មានមិនពិតនៅឡើយ ហើយពេលនេះវាត្រូវបានដាក់ឲ្យដំណើរការ និងប្រើប្រាស់បានជាមួយនឹងក្រុមអ្នកចុះឈ្មោះជា ChatGPT Plus ដែលចំណាយលុយប្រចាំខែ២០ដុល្លារប៉ុណ្ណោះសម្រាប់ទទួលយកសេវាកម្មពីកម្មវិធីនេះ៕