ឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកទឹកចិត្តភ្នាក់ងារសន្ដិសុខឯកជន បន្ដរាយការណ៍ករណីសង្ស័យមានបទល្មើសផ្សេងៗ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ បន្ដផ្ដល់សេចក្ដីរាយការណ៍ពីករណីសង្ស័យមានបទល្មើសកើតឡើង ពិសេសបទល្មើសគ្រឿងញៀនក្នុងគោលដៅដែលខ្លួនកំពុងឈរជើងការពារមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការ ឬឈានទៅបង្ក្រាបឲ្យបានទាន់ពេលវេលា។
ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរវាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៧៣ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកថា សន្តិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា មួយវិញទៀត គឺបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលសហការ និងផ្តល់កិច្ចសហការ ចូលរួមបង្ការទប់ស្កាត់បទល្មើសនានា នៅតាមទីតាំងគោលដៅរបស់ខ្លួន ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ បទល្មើសមួយចំនួនបានកើតឡើងតាមទីតាំងស្នាក់នៅ ដែលក្រុមឧក្រិដ្ឋជន ពួនសម្ងំ ប្រព្រឹត្តបទល្មើសដូចជា៖ ការផលិតគ្រឿងញៀន ចែកចាយ ប្រើប្រាស់គ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរឹតទារប្រាក់ ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អំពើលួចគាស់ជាដើម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវវនាវ ដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ មេត្តាផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន នៅតាមទីតាំងរស់នៅដូចជា៖ បុរី ខុនដូរ អាតមិន សណ្ឋាគារ កាស៊ីណូ រីសត និងសំណង់អគារធំៗ ដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសទាំងនោះ»។
ឯកឧត្តមប្រធាននាយកដ្ឋាន បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។
រយៈពេល២ថ្ងៃនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដែលសន្តិសុខឯកជន បាននិងកំពុងជួបប្រទះកន្លងមក និងសូមយកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់ មិត្តរួមការងារ មិត្តភ័ក្រ ក្រុមគ្រួសារ ឬប្រជាពលរដ្ឋដ៏ទៃទៀត ឲ្យបានយល់អំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវត និងសណ្តាប់ធ្នាប់ សង្គម ព្រមទាំងការចូលរួមចំណែក អនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់គាំទ្រ និងគាំពារ លើវិស័យសន្តិសុខឯកជន ឲ្យមានគុណភាព និងសមត្ថភាព ដើម្បីរួមចំណែកថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជាតិទាំងមូល៕