ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ហាមក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាស់ងារសន្តិសុខឯកជន និងបានណែនាំដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេសឱ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គស្នងការរង ស្នងការរាជធានី-ខេត្ត ប្រធាន-អនុប្រធាននាយកដ្ឋាន លោក លោកស្រី នាយ-នាយរងការិយាល័យ ចំណុះអគ្គស្នងការនគរបាលជាតិ ព្រមទាំងជាមួយវិស័យឯកជនដែលពាក់ព័ន្ធ និងកំពុងប្រើប្រាស់សេវាសន្តិសុខឯកជនជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថាន នៅពេលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំ នូវចំនួនភ្នាក់ងារសន្តិសុខឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជន ទៅក្នុងប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឌីជីថល។
ដោយឡែក ចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់នៅប្រមូលផ្តុំរបស់ភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាល ឱ្យបានត្រឹមត្រូវ ដូចជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះ ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ឱ្យមកទទួលការបណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗ ឱ្យបានត្រឹមត្រូវមុនដាក់ពង្រាយឱ្យឈរជើងតាមគោលដៅនីមួយៗ ហើយត្រូវម្ចាស់ការលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជន ឱ្យបានជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការក្រើនរំលឹកឱ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និងមិនត្រូវបំពាក់ឧបរណ៍ សម្ភារៈបច្ចេកទេស ដែលផ្ទុយពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែនៅមានសុខភាពល្អរឹងមាំឱ្យចូលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញឱ្យបន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាពិសេសចូលរួមជាមួយកម្លាំងនគរបាលជាតិ ការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចការផ្តល់នូវភ្នាក់សន្តិសុខឯកជនឱ្យចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមក។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម កាន់តែខិតជិតចូលមកដល់នៅចុងខែមករាខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ឆ្លៀតធ្វើការណែនាំដល់កម្លាំងនគរបាល ត្រូវបង្កើនសកម្មភាពល្បាត ត្រួតពិនិត្យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់ដោយខុសច្បាប់នូវអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ សំដៅធានាដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំឱ្យយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ដោយក្តីសប្បាយរីករាយ និងត្រូវបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផង និងរួមចំណែកដល់ការបង្ការ ទប់ស្កាត់សកម្មភាពល្មើសនានា ពិសេសក្មេងទំនើង៕