មន្ត្រីជាន់ខ្ពស់កម្ពុជា និងមន្ត្រីទូតអាមេរិកពិភាក្សាអត្រាពន្ធគយបដិការនៃប្រទេសទាំងពីរ
ភ្នំពញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Bridgette Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជានៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ នេះ បានពិភាក្សាក្នុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត ។ជាមួយគ្នានេះ, ភាគីទាំងពីរក៏បានពិភាក្សាអំពីករណីអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោក ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជា បានខិតខំរៀបចំ និងដោះ ស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋ អាម៉េរិក ដូចជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន និងបាន ត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយ បដិការ (Reciprocal Tariffs) ជុំទី ២ នៅសហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយនេះ ។
លោកបន្តថា បន្ថែមលើនេះ, រាជរដ្ឋាភិបា លកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្ក្រាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើម កំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំ ចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ។
លោកសង្កត់ធ្ងន់ថា ជាក់ស្ដែង, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រកាសអន្តរ ក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីជំរុញទាក់ទាញវិនិយោគិន បរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាដើម ។
លើសពីនេះទៀត លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំគុណយ៉ាងជ្រាលជ ចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងប្រជាជនអាម៉េរិក ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត ។
បន្ថែមពីនេះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពើគោលដៅកម្ពុជា ក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ និងគោលដៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ក្នុងការសម្រេចគោលដៅនេះ កម្ពុជា ត្រូវការរក្សាឲ្យបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយកសក្តានុពលន មូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលមួយនេះ ។ សហអាមេរិក ជាដៃគូសហការដ៏ល្អប្រសើរ និងទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា ។
លោកស្រី Bridgette_Walker បានចែករំលែកនូវការព្រួយបារម្ភអំពីបទ ល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺ ណែតដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ។
លោកស្រី ក៏បានជម្រាបជូនថា ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបង្ហាញជំហរផ្ដល់ការគាំទ្រជា ជំនួយបច្ចេកទេសដល់កម្ពុជាពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ ៕