កម្ពុជាបានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ២០២៥
ភ្នំពេញ៖ ទោះបីជាមានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តា ខាងក្រៅ, កម្ពុជាបានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុង ឆ្នាំ ២០២៤ និង ៦,៣%ឆ្នាំ២០២៥ ។ នេះ បើតាម លទ្ធផលជំនួបរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក Robert Kaproth ឧបការីរងទទួលបន្ទុក តំបន់អាស៊ី នៃក្រសួងរតនាគារសហរដ្ឋអាម៉េរិក (US Depertment of the Treasury) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរ ទស្សនកិច្ចស្វែងយល់អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដើម្បីពង្រឹងបន្ថែមទៀតកិច្ច សហប្រតិបត្តិការទ្វេភាគីរវងាកម្ពុជា- អាមេរិករបស់លោក Robert Kaproth នៅកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនជារួមអំពីការការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការនានា ដើម្បី កំណើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។
ជាក់ស្ដែង, រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំគោល នយោបាយ និងយន្តការនានាក្នុងការបង្កើនប្រសិទ្ធភាពចំណូល-ចំណាយ, ការគ្រប់គ្រងសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ ដែលរួមចំណែកដល់ការរក្សាភាពធន់សេដ្ឋកិច្ច រួមមាន “យុទ្ធសាស្ត្រកៀរគរ ចំណូល២០២៤-២០២៨” និង “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨” ជាដើម ។
ជារួម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តសហការរីករាយជាមួយ ភាគីអាម៉េរិកក្នុងការសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់ប្រយោជន៏ទៅវិញទៅមក ។
លោក Robert Kaproth បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការ គ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងលទ្ធផលល្អនានាដែលកម្ពុជាទទួលបាននាពេល កន្លងមក ក៏ដូចជាគោលដៅរយៈពេលវែងខាងមុខ ដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំ បង្កើតឡើងក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយគ្នានេះ, លោក Robert Kaproth បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាការខិតខំ បន្តដោះស្រាយបញ្ហា ប្រឈមនានារបស់ខ្លួន និងស្វែងរកដំណោះស្រាយទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ។
ភាគីទាំងពីរ ក៏បានបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការខិតខំជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា-អាមេរិកាំង លើគ្រប់វិស័យ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែម ទៀត ៕