Close

រយៈពេល ២ខែ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៥៣៩ លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ សង្គម
រយៈពេល ២ខែ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៥៣៩ លានដុល្លារ រយៈពេល ២ខែ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៥៣៩ លានដុល្លារ

ភ្នំពេញ ៖  អគ្គនាយកដ្ឋានពន្ធដារ រយៈពេល ២ ខែ ឆ្នាំ២០២៣ ប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានជាង ៥៣៩ លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។

ទិន្នន័យនេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា សរុបរយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន២,១៨៣.៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩.២៣ លានដុល្លារ) ស្មើនឹង១៥.១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ១០៩.៣៣ប៊ីលានរៀល (ប្រមាណជា២៧.០០លានដុល្លារ) ស្មើនឹង៥.២៧%។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦៦.៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨.៦០លានដុល្លារ) ស្មើនឹង៦.៦៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ៥៩.២៩ ប៊ីលានរៀល (ប្រមាណជា១៤.៦៤លានដុល្លារ) ស្មើនឹង៦.៥៤%។

ឯកឧត្តម គង់ វិបុល បានឱ្យដឹងទៀតថា លើសពីនេះ សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤.៧៩%, អាករលើតម្លៃបន្ថែម ៨.៩៣%, និងពន្ធលើប្រាក់បៀវត្ស ១១.០១%៕

អត្ថបទទាក់ទង