គម្រោងលាភខេត្តសៀមរាបសម្រាប់ជួយពលរដ្ឋក្រីក្រក្នុងទឹកប្រាក់ ២២.១៧លានដុល្លារនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ

ខេត្តសៀមរាប ៖ ការអនុវត្តគម្រោងលាភខេត្តសៀមរាបក្នុងរយៈពេល ៦ឆ្នាំ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧ ក្នុងទឹកប្រាក់ ២២.១៧លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងក្នុងក្រុមគ្រួសារឱ្យកាន់តែមានភាពប្រសើរឡើង និងចាកផុតពីបន្ទាត់ក្រីក្រ នឹងបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
ក្នុងពេលនាំសិក្ខាកាមរបស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រមកពីបណ្តាក្រុងស្រុកចំនួន ១០៥នាក់ ជួបសំណេះសំណាលជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាបកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ លោក សុខ ថុល ប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ខេត្តសៀមរាបបញ្ជាក់ថា ទឹកប្រាក់ខាងលើនេះ ជាហិរញ្ញប្បទានពីធនាគារពិភពលោកចំនួន ២០.១៧លានដុល្លារ រួមជាមួយថវិករបស់រាជរដ្ឋាភិបាល ២លានដុល្លារ លើគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រធ្វើនៅគោលដៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប។
លោកបន្តថា គម្រោងលាភត្រូវបានសម្របសម្រួលដោយក្រសួងមហាផ្ទៃ ហេីយរដ្ឋបាលខេត្តសៀមរាបជាអ្នកអនុវត្ត ដោយកំណត់ជ្រើសរើសយក ៤៧ឃុំ សង្កាត់ ក្នុងចំណោម ០៩ក្រុង ស្រុក ជាឃុំ សង្កាត់គោលដៅ ដើម្បីជួយដល់គ្រួសារក្រីក្រ។
បើតាម លោក សុខ ថុល គិតមកត្រឹមពេលនេះ បានទម្លាក់ទុនចំនួន ០២លើក ដល់ក្រុមជួយខ្លួនឯងចំនួន ៩៧៥ក្រុម ស្មើនឹងទឹកប្រាក់ ២,២៧៧,២៨០ដុល្លារសហរដ្ឋអាមេរិក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានចំនួន ១៤៧គម្រោង ព្រមទាំងបានបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមបានចំនួន ៧៨៤នាក់ ស្រី ៣៩៤នាក់ លើជំនាញកាត់ដេរ ឆុងកាហ្វេ ជួសជុលម៉ាស៊ីនខ្នាតតូច រថយន្ត ម៉ូតូ ម៉ាស៊ីនត្រជាក់ សំអាងការ សំអាងកាយ (សាឡន)អគ្គិសនី និងបេឡាធិការ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានធ្វើការកោតសរសើរដល់ក្រុមការងារអនុវត្តគម្រោង និងរដ្ឋបាលក្រុង ស្រុកគោលដៅ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ (ក្រ១ ក្រ២ និងងាយរងគ្រោះ) នៅក្នុងមូលដ្ឋានខ្លួន។
លោកបន្តថា គម្រោងលាភ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងមហាផ្ទៃ និង អនុវត្តដោយរដ្ឋបាលខេត្តសៀមរាប។ ម៉្យាងទៀត កម្មវិធីអភិវឌ្ឍជំនាញនេះ ជាការពង្រឹងសក្តានុពលក្នុងការបង្កើនប្រាក់ឈ្នួល និងលទ្ធភាពទទួលបាននូវឱកាសការងារសម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្នុងសហគមន៍ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងភ្ជាប់ទំនាក់ទំនងទៅនឹងឱកាសការងារថ្មីៗដែលល្អប្រសើរជាងមុន៕