VAR និងបន្ទប់ប្រតិបត្តិការវីដេអូ (VOR) នឹងរៀបចំផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមក្រុម FK Arkadag របស់តូមិននីស្ថាន ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League™ 2024/25 ។
យោងតាមការប្រកាសរបស់ AFC ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League™ 2024/25 នឹងប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាល ឬ ហៅកាត់ថា VAR ផងដែរ ដើម្បីឱ្យការប្រកួតកាន់តែសុក្រិត និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។
ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយ លោក Kasih Budi Prabowo និងលោក Yossarun Kousurat ដែលជាក្រុមបច្ចេកទេសរបស់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឱ្យដឹងថា ការរៀបចំវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬ បន្ទប់ប្រតិបត្តិការវីដេអូ – Video Operation Room (VOR) នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុង ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្ទាល់តែម្តង ដែលមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។
គួរឱ្យដឹងផងដែរ ការប្រកួតនៅក្នុងទឹកដីកម្ពុជាយើង ក៏ធ្លាប់ប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាលនេះរួចជាច្រើនដងមកហើយ ចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ហើយកាលនោះគឺយើងបញ្ជូនរូបភាពទាំងអស់ទៅទីស្នាក់ការរបស់ AFF នៅឯប្រទេសម៉ាឡេស៊ី រឺក៏ប្រទេសសិង្ហបុរី ដើម្បីឱ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ តែសម្រាប់ប្រតិបត្តិមួយ វាធ្វើឱ្យការពិនិត្យរៀងមានភាពរអៈរអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអ៊ីនធឺណេត មិនសូវរលូនពេលខ្លះ តែពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ខាងមុខនេះតែម្ដង។
គួរបញ្ជាក់ផងដែរថា ការប្រកួតមួយនេះ ខាងបច្ចេកទេស ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ធំ ក្នុងស្រុករបស់យើងគឺ BTV News សម្រាប់ការប្រើប្រាស់កាំមេរ៉ាផ្សាយផ្ទាល់ទាំងអស់ចំនួន១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ៕