ក្រុមហ៊ុនជប៉ុនមួយគ្រោងសង់សាលារៀន ១១ខ្នងបន្ថែមទៀត នៅក្នុងខេត្តចំនួន ៣ នៅកម្ពុជា
ជប៉ុន៖ ក្រុមហ៊ុន WATAMI CO.,LTD. របស់ប្រទេសជប៉ុន គ្រោងសាងសង់សាលារៀន ចំនួន ១១ខ្នងបន្ថែមទៀតនៅក្នុងខេត្តបាត់ដំបង មណ្ឌលគិរី និង រតនៈគិរីនាឆ្នាំខាងមុខនេះ ខណៈ ចាប់តាំងពីឆ្នាំ២០០១ មកក្រុមហ៊ុននេះបានសាងសង់បញ្ចប់សាលារៀនចំនួន ៣៥០ខ្នងរួចហើយ។
គម្រោងនេះ ត្រូវបានបង្ហើបឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្នុងគ្រាដែល លោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយសហការីបាន ទទួលជួបការសម្តែងការគួរសម ដោយលោក OONEDA JUN តំណាងក្រុមហ៊ុន WATAMI CO.,LTD. និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតក៏បានកោតសរសើរ និងបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ដែលតែងតែជួយដល់កម្ពុជាតាមរយៈអង្គការ School Aid Japan ដែលមានមជ្ឈមណ្ឌលកុមារកំព្រា នៅក្នុងខេត្តពោធិ៍សាត់ (កុមារកំព្រាចំនួន ១០០ នាក់) និងបានសាងសង់សាលារៀននៅតាមបណ្តាខេត្តសរុបចំនួន ៣៥០ខ្នងផងដែរ ចាប់តាំងពីឆ្នាំ២០០១មក។
លោកបន្ថែមថា ម្យ៉ាងទៀត ក្រុមហ៊ុននេះ មានគម្រោងសាងសង់សាលារៀន ចំនួន ១១ខ្នង នៅក្នុងខេត្តបាត់ដំបង មណ្ឌលគិរី និង រតនៈគិរីនាឆ្នាំខាងមុខ៕