Close

យុទ្ធនាការសម្អាតទន្លេកាន់តែទទួលបានការគាំទ្រ ខណៈអង្គការរំពឹងប្រមូលសំរាមបានកាន់តែច្រើនចេញពីផ្ទៃទឹក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ សង្គម
យុទ្ធនាការសម្អាតទន្លេកាន់តែទទួលបានការគាំទ្រ ខណៈអង្គការរំពឹងប្រមូលសំរាមបានកាន់តែច្រើនចេញពីផ្ទៃទឹក យុទ្ធនាការសម្អាតទន្លេកាន់តែទទួលបានការគាំទ្រ ខណៈអង្គការរំពឹងប្រមូលសំរាមបានកាន់តែច្រើនចេញពីផ្ទៃទឹក

យុទ្ធនាការសម្អាតទន្លេ សមុទ្រ គឺជាយុទ្ធនាការដែលធ្វើឡើងដោយអង្គការសម្អាតទន្លេសមុទ្រ-River Ocean Cleanup ក្នុងគោលបំណងប្រមូលយកសំរាមចេញពីប្រភពទឹក។ យុទ្ធនាការនេះធ្វើឡើងឆ្លើយតបទៅនឹងសារៈសំខាន់នៃទឹកចំពោះជីវិតរស់នៅ ក៏ដូចជាសម្អាតបរិស្ថានទន្លេ និងសមុទ្រឡើងវិញ។

ដោយឡែក អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានចាប់ផ្ដើមសម្អាតទន្លេជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ ដែលមកដល់ពេលនេះគឺមានរយៈពេល១ឆ្នាំគត់។ ក្នុងរយៈពេល១ឆ្នាំនេះ អង្គការបានប្រមូលយកនូវសំរាមចេញពីផ្ទៃទឹកបានរហូតដល់ ៤៥០តោនរួចទៅហើយ។

ការប្រមូលនេះទៀតសោត ធ្វើឡើងដោយប្រើប្រាស់វិធីដូចជា ម៉ាស៊ីនប្រមូលសំរាមដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអាល្លឺម៉ង់ និងបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តដើម្បីឱ្យពួកគេរើសសំរាមនៅតាមតំបន់របស់ពួកគេរៀងៗខ្លួនជាដើម។

បច្ចុប្បន្ននេះ អង្គការកំពុងតែសកម្មខ្លាំងលើការប្រមូលសំរាមនៅតំបន់ចុងឃ្នៀសនៃខេត្តសៀមរាប ដែលជាតំបន់មានប្រជាជនរស់នៅតាមដងទន្លេច្រើន។ ភាពសកម្មនេះ មិនមែនសំដៅត្រឹមតែការរើសសំរាមនោះទេ ប៉ុន្តែក៏សំដៅលើការចុះទៅតាមមូលដ្ឋានដើម្បីអប់រំប្រជាពលរដ្ឋ ដែលជាអ្នកគ្រប់គ្រងសំរាមទាំងនោះផងដែរ។

ដោយឡែក កាលពីថ្ងៃទី៩​ ខែមីនាកន្លងទៅ អង្គការសម្អាតទន្លេបានចែកចាយនូវរូបភាពថូផ្កាដ៏ស្រស់ស្អាតជាច្រើន ដែលជាសមិទ្ធផលនៃសំរាមដែលត្រូវបានកែច្នៃ។ តាមរយៈរូបភាពថូផ្កាទាំងប៉ុន្មានសន្លឹកនោះ អ្នកលេងបណ្ដាញសង្គមជាច្រើននាក់បានបង្ហាញការចាប់អារម្មណ៍ និងសាកសួរបន្ថែមអំពីសកម្មភាពដែលអង្គការកំពុងធ្វើ។

ក្នុងនោះផងដែរ ក៏មានការជួយឧបត្ថម្ភគាំទ្រជាថវិកាពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ។

លោក នូ សុវណ្ណ ដែលជានាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ បានបង្ហាញក្ដីរីករាយពីកិច្ចខិតខំប្រឹងប្រែងរបស់លោក និងក្រុមការងារដែលទទួលបានការចាប់អារម្មណ៍ច្រើន។ ប៉ុន្តែយ៉ាងណា លោកចង់ឱ្យប្រជាពលរដ្ឋងាកទៅចាប់អារម្មណ៍ពីបញ្ហាពិតប្រាកដ គឺសំរាមដែលកំពុងស្ថិតនៅក្នុងទឹក ហើយប្រជាជនអាចចូលរួមក្នុងការដោះស្រាយបញ្ហានេះតាមរយៈការរើសយកសំរាមដែលខ្លួនបានប្រទះឃើញក្នុងប្រភពទឹកចេញមកវិញជាដើម។

លោកបានឱ្យដឹងថា ប្រសិនបើមានការចូលរួមជាសកម្មភាពបន្ថែមពីប្រជាពលរដ្ឋ ការប្រមូលសំរាមនឹងកាន់តែលឿន និងមានទំហំច្រើន ហើយថែមទាំងអាចសម្រេចបាននូវយុទ្ធនាការសម្អាតទន្លេ និងសមុទ្រកាន់តែឆាប់រហ័សផងដែរ។

គួរបញ្ជាក់ថា សំរាមដែលប្រមូលយកមក ត្រូវបានបែងចែកជាពីរប្រភេទ គឺប្រភេទដែលអាចកែច្នៃឡើងវិញបាន និងប្រភេទដែលមិនអាចកែច្នៃបាន។ សម្រាប់ប្រភេទសំរាមដែលអាចកែច្នៃបាន នឹងត្រូវច្នៃចេញជាសម្ភារៈប្រើប្រាស់ដូចជា ធុងសំរាម,​ កញ្ច្រែងជ័រ,​ ថូផ្កាជាដើម រីឯប្រភេទដែលមិនអាចកែច្នៃបានគឺក្រុមហ៊ុន​ជីបម៉ុងនឹងយកទៅបំប្លែងជាថាមពលផ្សេងៗតាមលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុន។

រហូតមកដល់ពេលនេះ អង្គការសម្អាតទន្លេ,​សមុទ្រ ទទួលបានកិច្ចសហការពីភាគីពាក់ព័ន្ធដូចជា​ ៖ ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, សាលារាជធានីភ្នំពេញ,​ គណកម្មការជាតិវាយតម្លៃទីក្រុងស្អាត ។ល។ ក្រៅពីនោះ អង្គការមានអ្នកស្ម័គ្រចិត្តចូលរួមរើសសំរាមប្រមាណជា ២០០នាក់ និងការចូលរួមពីសិប្បកម្មកែច្នៃប្លាស្ទិកក្នុងស្រុកប្រមាណជា ២០សិប្បកម្មផងដែរ៕

អត្ថបទទាក់ទង