ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវឱ្យចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើងឱ្យបានច្រើនកុះករ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស-និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
តាមរយៈបណ្ដាញសង្គម នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានឆ្លៀតពេលបន្តិចនាំក្រុមគ្រួសារ និងក្រុមការងារ ដើរទស្សនាកម្សាន្តទិដ្ឋភាព ផ្លូវថ្មើរជើង (Walk Street) ដ៏ស្រស់ត្រកាល ក្នុងទឹកដីរាជធានីភ្នំពេញ។
ផ្លូវថ្មើរជើង (Walk Street) នេះ បាន និងកំពុងដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «សូមអញ្ជើញពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការដើរហាត់ប្រាណ ដើម្បីសុខភាពល្អផងដែរ»។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕