ផ្លូវថ្មើរជើង (Walk Street) ដែលទទួលបានការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិ ត្រៀមសម្ពោធជាផ្លូវការនៅខែក្រោយ
ភ្នំពេញ ៖ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ក្រោយពីផ្លូវថ្មើរជើងនេះ បានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង ៤ខែ ហើយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។
បន្ទាប់ពីបើដំណើការ បណ្តោះអាសន្នក្នុងរយៈពេល ៤ ខែនេះ មានភ្ញៀវជាតិ-អន្តរជាតិមកពីគ្រប់ទិសទី ដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ លោផក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើកឡើងថា «ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះ ពិតជាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ»។
លោកបន្តថា « ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅតាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ»។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរណ៍សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលរបស់យើង ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសឹល្បៈក៏ឱ្យធំហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។
លោកបន្ថែមទៀតថា កិច្ចការងារនេះ យើងនឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយនិងការរៀបចំក្រុមការងារដើម្បីរៀបចំ,ការផ្សព្វផ្សាយព័ត៌មាន ,ការបែងចែកភារកិច្ចគ្នាឱ្យបានច្បាស់លាស់ ,ការរៀបចំតុបតែងភ្លើងចម្រុះពណ៌និងសំអាតបរិស្ថានជាដើម។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕