ឆ្មាំឆ្នេរសមុទ្រខេត្តព្រះសីហនុ ៣០នាក់ទទួលបានការបណ្តុះបណ្តាលសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ
ព្រះសីហនុ ៖ ស្ថានទូតព្រះរាជាណាចក្រថៃ សហការជាមួយរដ្ឋបាលខេត្តព្រះសី ហនុ បើកវគ្គបណ្តុះបណ្តាលខ្លីស្តីពីសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរនៅតំបន់សមុទ្រខេត្តព្រះសីហនុជូនដល់ឆ្មាំចំនួន ៣០នាក់ ក្នុងនោះក៏មានពីក្រុមហ៊ុនឯកជនផងដែរ។
ក្នុងវគ្គបណ្តុះបណ្តាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ លោក ឈើតគៀត អាថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជាថ្លែងថា ការបើកវគ្គបណ្តុះបណ្តាលការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ឬ Water Rescue ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុនាពេលនេះគឺដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក។
លោកបន្តថា វគ្គបណ្តុះបណ្តាលនៅក្នុងពេលនេះមានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ការពង្រឹងនូវសក្តានុភាពធនធានមនុស្សរបស់ខេត្តនៅក្នុងការផ្តល់សេវាកម្មទេសចរសុវត្ថិភាព និងជួយកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់ជីវិតដែលកើតឡើងចំពោះភ្ញៀវទេសចរជាតិនិងបរទេសជាច្រើននៅក្នុងមួយឆ្នាំៗ ដែលជាការជំរុញនូវវិស័យទេសចរណ៍ខេត្តជាប់មាត់សមុទ្រស្របតាមគោលនយោបាយរបស់កម្ពុជា - ថៃក្រោមគម្រោង Two Kingdoms One Destination និងជាការជួយជំរុញការត្រៀមខ្លួនរបស់ខេត្តព្រះសីហនុនៅក្នុងនាមជាខេត្តទទួលធ្វើម្ចាស់ផ្ទះកីឡាវិញ្ញាសាលើទឹកស៊ីហ្គេមឆ្នាំ២០២៣ នេះផងដែរ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថា វគ្គបណ្តុះបណ្តាល «ស្ដីពីការសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរនៅខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នៅលើទឹកដីខេត្តព្រះសីហនុនាពេលនេះ។
លោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកំរិតទៀត។
លោកបន្តថា វគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីឆ្មាំឆ្នេរសមុទ្រខេត្តព្រះសីហនុឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមមួយកម្រិតទៀតក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមជួយសង្គ្រោះអាយុជីវិតមនុស្ស សត្វ ពិសេសក្នុងការត្រៀមបង្ការនូវរាល់ឧបទវហេតុនានាដែលអាចកើតមានឡើង នៅលើផ្ទសមុទ្រ។
លោកថ្លែងថា ៖ «បច្ចុប្បន្នខេត្តព្រះសីហនុយើងមានឆ្មាំសមុទ្រដែលទទួលស្គាល់ជាផ្លូវមានចំនួន ១៨នាក់ បាន និងកំពុងប្រចាំការនៅតាមគោលដៅដូចជា ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម។ ដោយឡែកឆ្មាំឆ្នេរសមុទ្រដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ មានចំនួន ៣០នាក់ ដែលរួមមានបុគ្គលិកឆ្មាំឆ្នេរពីបណ្តាលក្រុមហ៊ុនឯកជន ផ្សេងៗទៀត ក៏បានចូលរួម។ ទោះបីពួកគាត់ជាបុគ្គលិកក្រុមហ៊ុន ប៉ុន្តែពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការបម្រើការងារសុវត្ថិភាពទេសចរណ៍ហើយពួកគាត់ថែមទាំងបានចូលរួមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍ឧបទវហេតុនានា ដូចជាការលិចទូករបស់ភ្ញៀវទេសចរ និងទូកប្រជានេសាទ ជាដើម»។
បើតាម លោក ម៉ាង ស៊ីណេ ការចូលរួមហ្វឹកហាត់រៀនអំពីការជួយសង្គ្រោះលើផ្ទៃសមុទ្រ នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រី ភ្នាក់ងារសង្គ្រោះ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេរសមុទ្រ ដើម្បីឱ្យពួកគាត់មានសមត្ថភាពមូលដ្ឋាន សម្រាប់ជួយខ្លួនឯង និងជួយអ្នកដទៃទៀតពីគ្រោះថ្នាក់នានា ជាពិសេសគ្រោះថ្នាក់លើផ្ទៃទឹក។
រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមថា ភាគីយើងទាំងពីរអាចធ្វើការរួមគ្នាលើកិច្ចសហការក្នុងវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការតាំងពិព័រណ៍ សុខាភិបាល និងអប់រំជាដើមបន្ថែមទៀតផងដែរ៕