រាជរដ្ឋាភិបាល ផ្តល់ជូនប្រាក់រង្វាន់ជាង ១លាន ២សែនដុល្លារអាមេរិក ដល់ម្ចាស់ជ័យលាភីដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ

នារសៀលថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួនជាង ១លាន២សែនដុល្លារអាមេរិក ត្រូវបានផ្តល់ជូនម្ចាស់ជ័យលាភី ដែលដណ្តើមបានមេដាយមាស ប្រាក់ សំរិទ្ធ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ។
ពិធីប្រគល់ទទួលនេះ បានប្រារពធ្វើឡើង នៅមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។
ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ប្រភេទកីឡា ដែលដណ្តើមបានមេដាយមានចំនួន ១១ប្រភេទ រួមមាន៖ កីឡាប៉េតង់ ការ៉ាតេ ចំបាប់ កាយសម្ព័ន្ធ កីឡាហែលទឹកពាក់ជើងទា កាយវប្បកម្ម យុទ្ធគុនចម្រុះ វ៉ូវីណាម ជីជីតស៊ូ តេក្វាន់ដូWT និងយូដូ។
ក្នុងនោះមាន កីឡាករ កីឡាការិនី សរុបចំនួន ១៦៣នាក់ កីឡាករ ៩៦នាក់ និងកីឡាការិនី ៦៧នាក់ និងគ្រូបង្វឹក សរុប ៥៣នាក់ គ្រូបង្វឹកធំចំនួន ២៥ នាក់ និងគ្រូជំនួយ ២៨នាក់ ដោយសរុបរួមទាំងកីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយ សរុបរួម ២១៦ នាក់។
ចំពោះថវិការាជរដ្ឋាភិបាល ដែលត្រូវបានផ្តល់ជូនម្ចាស់ជ័យលាភីជាការលើកទឹកចិត្តសរុបជាទឹកប្រាក់ចំនួន ៤,៩៨៤,៩០០,០០០ រៀលគត់ បើគិតជាដុលារសរុប ១,២៤៦,២២៥ ដុល្លារអាមេរិក។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រកួតដណ្តើមបានមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិ។
ឯកឧត្តម បានរំលេចបន្ថែមទៀតថា ការផ្តល់ការលើកទឹកចិត្ត របស់ សម្តេចតេជោ កន្លងមកនេះ គឺបានជួយទៅដល់ការលើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនី របស់យើងខិតខំប្រឹងប្រែង ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញនូវវិធានការកំណែទម្រង់កែលម្អរចនាសម្ព័ន្ធ និងផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ សហព័ន្ធកីឡាជាតិ ពិសេស ផ្តល់ឱកាសឱ្យ កីឡាករ កីឡាការិនី បានចេញទៅប្រកួតអន្តរជាតិទាំងក្នុងស្រុកនិងក្រៅស្រុក។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យ កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីសូមប្រឹងប្រែហ្វឹកហាត់ដុះខាតសមត្ថភាព ត្រៀមការប្រកួតអន្តរជាតិនានា ពិសេស គឺស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ ។
សូមបញ្ជាក់ដែរថា ១១ប្រភេទកីឡានេះ ដណ្តើមបានមេដាយ គិតចាប់ពីឆ្នាំ២០២៣ និង២០២៤ ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ។
មេដាយសរុបដែលដណ្តើមមានចំនួន១៦០គ្រឿង មេដាយមាស៣១គ្រឿង ប្រាក់៤៩គ្រឿង និងមេដាយសំរិទ្ធ៨០គ្រឿង សរុបជាទឹកប្រាក់ចំនួន ៤,៩៨៤,៩០០,០០០ រៀលគត់ បើគិតជាដុលារសរុប ១,២៤៦,២២៥ ដុល្លារអាមេរិក៕