គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ថា ការយកឈ្នះកម្ពុជា មិនងាយស្រួលទេ
គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Kim Sang-sik មានការប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូររបស់ក្រុមគោព្រៃកម្ពុជា ហើយកំពុងស្វែងរកវិធីសាស្រ្ត ដើម្បីដណ្តើមយកជ័យជម្នះ ក្នុងជំនួបមិត្តភាពអន្តរជាតិនេះ ។
វៀតណាម ឈ្នះទាំង ១០ប្រកួតជាមួយ កម្ពុជា ដោយរកគ្រាប់បាល់បានចំនួន ៤៦គ្រាប់ និងរបូតគ្រាប់បាល់តែ ៦គ្រាប់ប៉ុណ្ណោះ។ បីប្រកួតចុងក្រោយ វៀតណាម ឈ្នះ ៥-0 ក្នុងវគ្គជម្រុះ Asian Cup 2019, ឈ្នះ ០-0 នៅ AFF Cup 2018 និងបន្តឈ្នះ ៤-0 នៅ AFF Cup 2021។
នៅពេលសួរថា តើវៀតណាម នឹងមានទំនុកចិត្តយ៉ាងណាក្នុងការឈ្នះ កម្ពុជា ក្នុងជំនួបនេះ ? គ្រូបង្វឹក Kim Sang-sik បាននិយាយថា ៖«កម្ពុជា មានកីឡាករចូលសញ្ជាតិច្រើនណាស់។ ទម្រង់លេងរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ ASEAN Cup 2024 បានបង្ហាញថា ពួកគេមិនមែនជាគូប្រកួតងាយស្រួលទេ ក្នុងការផ្ដួល»។
គ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះ បានបន្ថែមថា៖ «ខ្ញុំចង់ឃើញទម្រង់ថ្មី ក្នុងក្រុមវៀតណាម លេងបានល្អកម្រិតណា ហើយរំពឹងថា នឹងទទួលបានជ័យជម្នះ។ កម្ពុជាបានប្រែប្រួលបើធៀបនឹងពេលមុន។ ខ្ញុំនឹងប្រុងប្រយ័ត្ន ហើយរកវិធី ដើម្បីយកឈ្នះពួកគេ »។
គ្រូបង្វឹក Kim Sang-sik បានវាយតម្លៃខ្ពស់លើខ្សែប្រយុទ្ធ Coulibaly ដែលបានស៊ុតបញ្ចូលទី ២គ្រាប់ ក្នុងព្រឹត្តិការណ៍ ASEAN Cup។ លោក Kim បាននិយាយថា៖ «គាត់ជាកីឡាករដ៏គ្រោះថ្នាក់ ប៉ុន្តែយើងមិនផ្តោតលើកីឡាករតែម្នាក់នោះទេ។ វៀតណាម មាន Do Duy Manh, Nguyen Thanh Chung និងខ្សែការពារផ្សេងទៀត ដែលអាចបញ្ឈប់រូបគេ និងគ្រប់គ្រងស្ថានការណ៍បានល្អ»។
មែនទែនទៅ ការប្រកួតជាមួយកម្ពុជា គឺជាការហាត់សមចុងក្រោយ មុនពេល វៀតណាម ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិឡាវ ក្នុងការប្រកួតបើកឆាកពូល F នៃវគ្គជម្រុះចុងក្រោយនៃពានរង្វាន់ Asian Cup 2027។ ការប្រកួត នឹងធ្វើឡើងនៅល្ងាច ថ្ងៃទី២៥ មីនា នៅកីឡដ្ឋាន Binh Duong។
គួរបញ្ជាក់ថា ការប្រកួតមិត្តភាពនេះ គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Koji Gyotoku បានកោះហៅកីឡាករចំនួន ២៣នាក់ ក្នុងនោះមានកីឡាករចូលសញ្ជាតិ ៦នាក់ រួមមានកីឡាករ Kan Mo, Takasi Ose, Yudai Ogawa, Andres Nieto និង Abdel Kader Coulibaly ។ បន្ថែមពីលើនេះ កម្ពុជា ក៏មានកីឡាករកូនកាត់២រូបផងដែរ គឺ ថេឡរ នីកូឡាស់ និងកីឡាករ បុង សាំងយូអ៊េល៕