លោក គួច ចំរើន ស្នើទូតឥណ្ឌូនេស៊ី គៀងគរវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាល
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានស្នើឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី គៀងគរអ្នកវិនិយោគិន មកវិនិយោគនៅខេត្តកណ្ដាល ឱ្យបានច្រើន ព្រោះថា ខេត្តកណ្ដាល ជាខេត្តមួយមានភូមិសាស្ត្រហំព័ទ្ធរាជធានីភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច។
ការស្នើរបស់ លោក គួច ចំរើន បែបនេះ នាឱកាសអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក សាន់តូ សារម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកណ្ដាល នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបសម្ដែងការគួរសម លោកអភិបាលខេត្ត បានជម្រាបជូនដល់ប្រតិភូ នៃឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ខេត្តកណ្ដាល។ លោកបានបញ្ជាក់បន្ថែមថា ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជា «ខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀង និងលំនៅឋាន»។
ក្នុងជំនួបនេះដែរ លោកអភិបាលខេត្ បានស្នើសុំដល់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សូមគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថា ខេត្តកណ្ដាល ជាខេត្តមួយ ដែលមានភូមិសាស្ត្រហំព័ទ្ធរាជធានីភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់ឱអាកាសឱ្យអ្នកវិនិយោគទាំងអស់ មកវិនិយោគនៅខេត្តកណ្ដាលទទួលបាននូវប្រាក់ចំណេញផងដែរ។
ជាការឆ្លើយតប លោក សាន់តូ សារម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណដល់ លោកគួច ចំរើន ដែលបានទទួលប្រតិភូប្រកបដោយការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយ លោក នឹងគៀងគរអ្នកវិនិយោគ មកវិនិយោគនៅខេត្តកណ្ដាល។ ជាមួយគ្នានេះដែរ លោក ឯកអគ្គរដ្ឋទូត ស្នើដល់រដ្ឋបាលខេត្ត ជួយជ្រោមជ្រែងក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល។
លោកឯកអគ្គរដ្ឋទូត បន្តថា បច្ចុប្បន្ននេះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាជាង ១ពាន់លានដុល្លារ ហើយធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីមានដៃគូពាណិជ្ជកម្ម លំដាប់ទី ៧សម្រាប់ប្រទេសកម្ពុជា៕