Close

ក្រុមវិនិយោគិនចិន ៥០ក្រុមហ៊ុន ស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រុមវិនិយោគិនចិន ៥០ក្រុមហ៊ុន ស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ក្រុមវិនិយោគិនចិន ៥០ក្រុមហ៊ុន ស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលក្រុងចឹងចូវ បានស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន។

សំណើខាងលើនេះ ត្រូវបានបង្ហាញនៅថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងពេល ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន និងដែលមានការចូលរួមផងដែរពីសំណាក់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ក្រុមវិនិយោគិនចិន៥០ក្រុមហ៊ុនស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

នាឱកាសនោះ លោកស្រី Li Fengzhi បានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។

តាមរយៈជំនួបនេះផងដែរ មានក្រុមហ៊ុនមួយចំនួនបានធ្វើបទបង្ហាញអំពី ខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការ ផ្គូផ្គងធុរកិច្ចជាមួយគ្នានាពេលអនាគត។

ក្រុមវិនិយោគិនចិន៥០ក្រុមហ៊ុនស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត និងបានរំលេចដែរថា កម្ពុជា គឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។

ដើម្បីជាការបំភ្លឺបន្ថែមឱ្យកាន់តែប្រត្យក្សជូនដល់ គណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាព រួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

ក្រុមវិនិយោគិនចិន៥០ក្រុមហ៊ុនស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ជាការឆ្លើយតប លោកស្រីអភិបាលរង បានគោរពថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយមិត្តភាព និងការរៀបចំជំនួបពិភាក្សាដ៏មានសារៈប្រយោជន៍សម្រាប់គណៈប្រតិភូទាំងអស់ ពិសេស គណៈប្រតិភូវិនិយោគិនទាំង ៥០ក្រុមហ៊ុន ដែលចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ លោកស្រី បានយកឱកាសនេះជម្រាបដោយសង្ខេបអំពី ទីតាំងភូមិសាស្រ្តនៃក្រុងចឹងចូវ ព្រមទាំងសក្តានុពលនានាដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីជានូវការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ – ២០២៨) ក៏ដូចជាកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម៕

ក្រុមវិនិយោគិនចិន៥០ក្រុមហ៊ុនស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្មនៅកម្ពុជា