Lionel Messi អាចនឹងដើរចេញពី PSG ក្រោយធ្លាក់ចេញពី UCL
អនាគតក្លិបរបស់តារាឆ្នើម Lionel Messi ចាប់ផ្ដើមស្ថិតក្នុងភាពមិនប្រាកដប្រជា បន្ទាប់ PSG បានធ្លាក់ចេញពីក្របខណ្ឌកំពូលអឺរ៉ុប UFFA Champions League ក្រោមស្នាដៃម្ចាស់ជើងឯក UCL ៥សម័យកាល FC Bayern Munich កាលពីយប់មិញ។
មែនទែនទៅ មានពាក្យចចាមអារាមរួចទៅហើយថាវីរបុរសរបស់ក្លិបបាល់ទាត់ FC Barcelona រូបនេះ នឹងត្រលប់ទៅទ្រនំចាស់វិញនៅចុងបញ្ចប់រដូវកាលនេះ។ ក្រោយលទ្ធផលដ៏ខកចិត្តយប់មិញនេះ ធ្វើឲ្យរូបគេមានឱកាសខ្ពស់ក្នុងការចាកចេញ ព្រោះ PSG ចាយលុយដ៏ច្រើនបែបនេះ គឺគោលបំណងយក UCL នេះឯង។
ឆ្នាំដំបូងជាមួយក្លិបយក្សបារាំង Messi មិនអាចជួយក្លិប Paris Saint-Germain ឲ្យមុជជ្រៅទៅឆ្ងាយបានឡើយនៅ Champions League ពោលគឺត្រូវធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃបងធំនៅអឺរ៉ុប Real Madrid ។
លើកនេះ ពួកគេបានហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង Bayern Munich វិញ ដូច្នេះទាំងក្លិប និង Lionel Messi ប្រហែលជាអស់ចិត្តនឹងគ្នាហើយ ខណៈដែលវីរបុរសអាហ្សង់ទីនរូបនេះខកខានលើកពានមួយនេះ ៨ឆ្នាំមកហើយ ខណ:ដែលលើកចុងក្រោយ Messi លើកពាននេះ គឺនៅក្នុងឆ្នាំ២០១៥ ក្នុងអំឡុងពេលនៅជាមួយ Barcelona។
ជុំវិញបញ្ហាដ៏រសើបនេះ សារព័ត៌មានកីឡាដ៏ល្បីរបស់ពិភពលោក Goal បានព្យាករណ៍ថា នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានក្លិបជុំវិញពិភពលោកដាក់សំណើចុះហត្ថលេខាលើ Messi ជាក់ជាមិនខាន។ ក្នុងនោះ Barcelona និង Inter Miami ត្រូវបានគេរាយការណ៍ថា បានក្លាយជាបេក្ខភាពនាំមុខគេលើការនាំយកកំពូលកីឡាករនេះ។
យ៉ាងណាក៏ដោយ គេនឹងចាំមើលទាំងអស់គ្នាថា ម្ចាស់ពាន Balon d’or ៧ សម័យកាល Messi បន្តស្នាកនៅកើបលុយ ឬក៏ចាកចេញពី PSG នៅរដូវក្តៅនេះទេ? ហើយបើគាត់ចាកចេញ តើគាត់គួរទៅណា?