នាយករដ្ឋមន្ត្រីលីបង់៖ សមាជិកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កំពុងដឹកនាំប្រតិបត្តិការរបស់ក្រុម Hezbollah នៅក្នុងប្រទេសលីបង់
លីបង់៖ នៅក្នុងបទសម្ភាសន៍ជាមួយ Al Arabiya នាយករដ្ឋមន្ត្រីលីបង់ កាលពីថ្ងៃអាទិត្យ លោក Nawaf Salam បាននិយាយថា សមាជិកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) កំពុងដឹកនាំប្រតិបត្តិការរបស់ក្រុម Hezbollah ក្នុងសង្គ្រាមដែលកំពុងបន្តជាមួយអ៊ីស្រាអែល។
លោក Salam បានរិះគន់ក្រុម Hezbollah ចំពោះការអូសទាញប្រទេសលីបង់ឱ្យចូលទៅក្នុងជម្លោះ តាមរយៈការបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល។
លោកបានមានប្រសាសន៍ថា សង្គ្រាមនេះត្រូវបានប្រកាសថា ជាការសងសឹកចំពោះការធ្វើឃាតលោក Ali Khamenei ដូច្នេះវាមានន័យថា សង្គ្រាមនេះត្រូវបានដាក់លើប្រទេសលីបង់។
ប្រទេសលីបង់បានធ្លាក់ចូលក្នុងសង្គ្រាម បន្ទាប់ពីក្រុម Hezbollah បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ដោយអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ក្នុងការវាយប្រហាររួមរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ដោយសំដៅទៅលើឧប្បត្តិហេតុមួយកាលពីដើមខែនេះ ដែលយន្តហោះដ្រូនផលិតដោយអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធារបស់អង់គ្លេសនៅប្រទេស Cyprus លោក Nawaf Salam បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយកងកម្លាំង IRGC ដែលមានវត្តមាននៅទីនោះ ហើយជាអកុសល កំពុងគ្រប់គ្រងប្រតិបត្តិការយោធានៅក្នុងប្រទេសលីបង់។
លោកបានបន្ថែមថា មនុស្សមួយចំនួនក្នុងក្រុមនេះបានក្លែងបន្លំលិខិតឆ្លងដែន និងចូលមកក្នុងប្រទេសដោយខុសច្បាប់។
ប្រទេស Cyprus បាននិយាយថា ដ្រូននោះទំនងជាត្រូវបានបាញ់បង្ហោះដោយក្រុម Hezbollah ដែលគាំទ្រដោយទីក្រុង Tehran ចេញពីប្រទេសលីបង់ ជាជាងបាញ់ចេញពីប្រទេសអ៊ីរ៉ង់ដោយផ្ទាល់។
លោក Nawaf Salam ក៏បានចង្អុលបង្ហាញពីការប្រកាសរបស់កងកម្លាំង IRGC អំពីប្រតិបត្តិការរួមជាមួយក្រុម Hezbollah ប្រឆាំងនឹងអ៊ីស្រាអែល ដែលលោកបាននិយាយថា ជាភស្តុតាងបង្ហាញពីតួនាទីរបស់ពួកគេក្នុងការដឹកនាំជម្លោះនៅក្នុងប្រទេសលីបង់។
ក្នុងខែនេះ រដ្ឋាភិបាលលីបង់បានសម្រេចចិត្តហាមឃាត់សកម្មភាពណាមួយរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅក្នុងប្រទេស ហើយបានចាត់វិធានការហាមឃាត់ប្រតិបត្តិការយោធារបស់ក្រុម Hezbollah ដែលមិនធ្លាប់មានពីមុនមក ដោយអំពាវនាវឱ្យក្រុមនេះប្រគល់អាវុធរបស់ខ្លួនឱ្យរដ្ឋ។
លោក Nawaf Salam បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាចិត្តចំពោះការសម្រេចចិត្តដែលយើងបានធ្វើ ហើយកំពុងធ្វើការដើម្បីអនុវត្តវា»៕