Close

កម្ពុជា និងឥណ្ឌាអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជា និងឥណ្ឌាអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង កម្ពុជា និងឥណ្ឌាអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការអនុវត្តគម្រោង Quick Impact Project (QIP) ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

គំនិតផ្តួចផ្តើមនេះមានគោលដៅបណ្តុះវប្បធម៌នៃការសិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្នុងចំណោមយុវជនកម្ពុជា តាមរយៈការពង្រីកលទ្ធភាពទទួលបានឯកសារ សម្ភារសិក្សា និងធនធានទាក់ទងនឹងវិទ្យាសាស្ត្រ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខា ដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ក៏ដូចជាចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់ជនបទ។ ខណៈដែលយើងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រសួងនឹងបន្តប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហការបន្ថែមទៀតក្រោមក្របខណ្ឌនៃគម្រោង QIP ។”

កម្ពុជា និងឥណ្ឌាអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង

ទាក់ទិននឹងបញ្ហានេះ លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា ដោយលើកឡើងថា៖ “គម្រោងនេះនឹងបណ្តុះចំណាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងជំរុញការចូលរួមដោយផ្ទាល់របស់យុវជនជាមួយគំនិតវិទ្យាសាស្រ្ត។ យើងដឹងថាមានតម្រូវការកាន់តែខ្ពស់ក្នុងការអប់រំវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិត វិទ្យា (STEM)។ ដូច្នេះ បណ្ណាល័យនេះនឹងជួយកាត់បន្ថយគម្លាតចំណេះដឹងផ្នែក STEM ដោយផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសស្វែងយល់ សាកល្បង និងអភិវឌ្ឍចំណង់ចំណូលចិត្តរបស់ពួកគេចំពោះវិទ្យាសាស្រ្ត។”

កម្ពុជា និងឥណ្ឌាអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង

លោក បន្តថា QIP ជាគម្រោងរយៈពេលខ្លីដែលអនុវត្តដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងលើកកម្ពស់សកម្មភាពដែលផ្អែកលើវិទ្យាសាស្ត្រ ដើម្បីជួយឱ្យកុមារ និងយុវជនទទួលបានការយល់ដឹងពីភាពអស្ចារ្យនៃវិទ្យាសាស្ត្រ។
ក្រោមអនុស្សរណៈនៃការយោគយល់នេះ រដ្ឋាភិបាលឥណ្ឌានឹងផ្តល់ជំនួយឥតសំណង ក្នុងការផ្គត់ផ្គង់សៀវភៅ ឧបករណ៍វិទ្យាសាស្ត្រ សម្ភារអប់រំ និងឧបករណ៍ពិសោធន៍ផ្សេងៗ ដែលចាំបាច់សម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្រ្ត។ ធនធានទាំងនេះនឹងអនុញ្ញាតិឱ្យសិស្ស និស្សិត អ្នកស្រាវជ្រាវ និងសហគមន៍ទូទៅ ស្វែងយល់ពីគោលការណ៍វិទ្យាសាស្ត្រ និងភាពជឿនលឿននៃបច្ចេកវិទ្យា។

សូមរំលឹកថា មុនពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ លោក ហែម វណ្ណឌី ក៏បានទទួលជួប លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត ជាពិសេសក្នុងការផ្សារភ្ជាប់ និងផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីនៃប្រទេសទាំងពីរ៕

កម្ពុជា និងឥណ្ឌាអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង

អត្ថបទទាក់ទង