រកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះ «តេជោលីគ» រដូវកាល ២០២៤~២៥

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ ទីបំផុត! គេបានរកឃើញក្រុមខ្លាំងទាំង៤ ដែលនឹងឡើងទៅប្រកួតគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤~២៥។
ក្រុមទាំង៤ ដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មានដូចជា៖ សមាគមកីឡាបាល់ទះវិសាខា, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។ ចំណែកក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហាលអាវត្រឹមវគ្គនេះ។
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឯពហុកីឡដ្ឋានជាតិ(ស្តាតឣូឡាំពិក) ដោយក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ប៉ះ សមាគមកីឡាបាល់ទះវិសាខា ខណៈ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ប៉ះ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ។ ចំណែកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤~២៥ ត្រូវបានទទួលស្គាល់ ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក បានចាប់ផ្ដើមប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ។
ចំពោះរូបមន្តនៃការប្រកួតពានរង្វាន់ខាងលើនេះ ត្រូវលេងចំនួន២ជុំ ដោយជុំទីមួយ មានចំនួន៨ក្រុម ហើយបន្តជម្រុះយកក្រុមដែលមានពិន្ទុច្រើនពីលេខ១ ដល់លេខ៦ លេងនៅជុំទី២ បន្ទាប់មកយកក្រុមដែលមានពិន្ទុខ្ពស់ចំនួន៤ លេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕