គួរឲ្យស្ដាយ! ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ និងពោធិ៍សាត់ ធ្លាក់ចេញពីពានរង្វាន់បាល់ទះ «តេជោលីគ» ត្រឹមជុំទី១
ការប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» រដូវកាល ២០២៤~២៥ (Techo Volleyball Cambodia League) បានបញ្ចប់ជុំទី១ ហើយ ដោយក្នុងនោះ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានហាលអាវត្រឹមជុំទី១ ខណៈ៦ក្រុមទៀត នឹងធ្វើការប្រកួតគ្នានៅជុំទី២។
ចំពោះក្រុមទាំង៦ ដែលឡើងទៅកាន់ជុំទី២ មានដូចជា៖
១ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
២ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
៣ សមាគមកីឡាបាល់ទះវិសាខា
៤ ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
៥ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង
៦ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយបញ្ចប់ជុំទី១នេះ គេសង្កេតឃើញថា សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ កំពុងធ្វើបានល្អជាងគេ ឈរនៅលេខ១ ដោយចាញ់តែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៧ប្រកួត មាន ១៩ពិន្ទុ ខណៈ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ២ មាន ១៥ពិន្ទុ ស្របពេលដែលសមាគមបាល់ទះវិសាខា ដែលធ្លាប់តែជាបងធំក្នុងវិស័យបាល់ទះហាក់ធ្លាក់ដៃ ឈរនៅលេខ៣ មាន ១៤ពិន្ទុ។
ចំពោះរូបមន្តនៃការប្រកួតពានរង្វាន់ខាងលើនេះ ត្រូវលេងចំនួន២ជុំ ដោយជុំទីមួយ មានចំនួន៨ក្រុម ហើយបន្តជម្រុះយកក្រុមដែលមានពិន្ទុច្រើនពីលេខ១ ដល់លេខ៦ លេងនៅជុំទី២ បន្ទាប់មកយកក្រុមដែលមានពិន្ទុខ្ពស់ចំនួន៤ លេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ(ស្តាតឣូឡាំពិក)៕