ភ្នំពេញក្រោន PSG និង Juventus ស្ថិតក្នុងចំណោមក្រុមបាល់ទាត់មិនស្គាល់ចាញ់ទាំង ១២ របស់ពិភពលោក ក្នុងរដូវកាលនេះ
ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា គឺជាក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ចំនួន ១២ នៅលើពិភពលោក ដែលនៅតែមិនស្គាល់ចាញ់ក្នុងការប្រកួតជើងឯកថ្នាក់ជាតិរៀងៗខ្លួន សម្រាប់រដូវកាល 2024-25 ។ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarkt។
យោងតាមស្ថិតិបច្ចុប្បន្ន ក្រុមដែលមិនស្គាល់ចាញ់ទាំងនេះ រួមមានក្លឹបយក្សនៅអឺរ៉ុប PSG (បារាំង) និង Juventus (អ៊ីតាលី) ដែលស្ថិតក្នុងលីគកំពូលទាំង៥ (អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ) រួមជាមួយនឹងក្លឹបមកពីលីគកម្រិតមធ្យម ទូទាំងពិភពលោក។
នៅក្នុងលីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល 2024-25 នេះ ក្លិបដែលមានរហស្សនាមថា សឹងក្រហមភ្នំពេញក្រោន បានឆ្លងកាត់ ១៦ប្រកួត ដោយមិនចាញ់ ពោលគឺឈ្នះ ១៤ ដង និង ស្មើ ២ ដង។ ដឹកនាំដោយគ្រូបង្វឹក Oleg Starynskyi ក្រុមនេះ បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង ដោយមាន ៤៤ពិន្ទុ តាមពីក្រោយដោយក្រុម ព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់វិសាខា។
ការប្រកួតមិនដែលចាញ់របស់ភ្នំពេញក្រោន បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែក្លឹបបានប្រឈមមុខនឹងក្រុមខ្លាំងជាច្រើនដូចជា ស្វាយរៀង និងវិសាខា ជាដើម។ ការប្រកួតបន្ទាប់របស់ពួកគេ គ្រោងធ្វើនៅថ្ងៃអាទិត្យ ទី ២៦ ខែមករា ដែលពួកគេនឹងទទួលក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងសប្ដាហ៍ទី១៨ នៅលីគកំពូលកម្ពុជា។
ខាងក្រោមនេះ ជាក្លឹបចំនួន ១២ ដែលមិនស្គាល់ចាញ់ក្នុងការប្រកួតជើងឯកជាតិរបស់ពួកគេ ក្នុងរដូវកាលនេះ៖
១. Red Star Belgrade (ស៊ែប៊ី)៖ ឈ្នះ ១៩ និងស្មើ១
២. Ludogorets (ប៊ុលហ្គារី)៖ ឈ្នះ ១៧ និងស្មើ២
៣. Galatasaray (ទួរគី): ឈ្នះ ១៦ និងស្មើ៣
៤. Johor Darul Ta’zim (ម៉ាឡេស៊ី)៖ ឈ្នះ ១៦ និងស្មើ១
៥. Shan United (មីយ៉ាន់ម៉ា)៖ ឈ្នះ ១៥ និងស្មើ១
៦. PSG (បារាំង)៖ ឈ្នះ ១៤ និងស្មើ៤
៧. Lincoln FC (Gibraltar): ឈ្នះ ១៤ និងស្មើ២
៨.ភ្នំពេញ (កម្ពុជា)៖ ឈ្នះ ១៤ និងស្មើ២
9. ST Joseph’s FC (ហ្គីប្រាលតា): ឈ្នះ ១៤ និងស្មើ២
១០. Dynamo Kyiv (អ៊ុយក្រែន): ឈ្នះ ១៣ និងស្មើ៤
១១. La Fiorita (សាន់ម៉ារីណូ): ឈ្នះ ១១ និងស្មើ៥
១២. Juventus (អ៊ីតាលី)៖ ឈ្នះ ៨ និងស្មើ១៣ ៕